វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៥.០៦.២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ នឹងចូលរួមលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយ ការជំរុញ និងការលើកទឹកចិត្តដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់និងទូលំទូលាយ ពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស ។
តាមរយៈសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរទិវាជាតិអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយបានផ្តល់អាទិភាពគន្លឹះទី១ លើ «មនុស្ស» ហើយ «ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» គឺជាអាទិភាពបន្តបន្ទាប់តាមលំដាប់។ «ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស» គឺជាមុំសំខាន់មួយនៃបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលជារបៀបវារៈក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ជាពិសេសសម្រាប់យុវជនដែលជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពល ។
សម្តេចធិបតី បន្ថែមថា ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាអាទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក ទន្ទឹមនឹងការស្ដារនិងការអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ។ កត្តាសុខសន្តិភាពពេញលេញ ដែលទទួលបានពីការដាក់ចេញនិងអនុវត្តដោយជោគជ័យទាំងស្រុងនូវនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ព្រមជាមួយនឹងការដាក់ចេញនូវកម្មវិធីកំណែទម្រង់ដ៏មុតស្រួចស៊ីជម្រៅនានាជាប់ជាប្រចាំ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រាខ្ពស់ជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ នៅរយៈពេលជាង២ទសវត្សរ៍ មុនផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ នេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រមាណ៦,៣% ដែលជំរុញដោយវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ត្រូវបានរំពឹងថា នឹងកើនដល់៥១,៣៩ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ មានចំនួន២ ៩២៤ដុល្លារអាម៉េរិក ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី២ ៧១៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤។ កំណើនផ.ស.ស. នេះបង្ហាញពីការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ស្ថិតក្នុងបរិការណ៍ដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា ស្របពេលនៃការកើនឡើងនូវភាពប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កម្ពុជាស្ថិតក្នុងរបត់មួយដែលត្រូវបន្តពង្រឹងស្មារតីសន្តិសហវិជ្ជមាន និងជា «ឱកាសមាស» សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍនិងការធ្វើឧស្សាហូបនីយកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការកើនឡើងនៃផលិតកម្មនិងសេវាកម្ម ការបង្កើនការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅនឹងសេដ្ឋកិច្ចតំបន់និងសកល ប្រកបដោយជវភាពនិងសក្ដានុពល និងការធ្វើសមាហរណកម្មជាមួយនឹងសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់កំពុងមានជវភាពខ្ពស់ផងដែរ ។
គិតត្រឹមខែឧសភា ឆ្នាំ២០២៥ មានយុវជនស្នើសុំចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវ សរុបចំនួន១២១ ៧២៩នាក់ (យុវជនមកគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៤៩ ៣១១នាក់) និងសិស្សកំពុងសិក្សានិងបានបញ្ចប់សរុបចំនួន៧៣ ៩០៥នាក់ (យុវជនមកគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន៣៤ ១៣០នាក់) ក្នុងនោះ សិស្សដែលបានបញ្ចប់ការសិក្សាមានចំនួន៣៨ ៤៨៦នាក់ (យុវជនមកគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន១៦ ៩៧៥នាក់) ៕