សម្តេចធិបតីថ្លែងថា កម្មវិធីគោលនយោបាយអាទិភាពក្នុងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ នឹងជួយឱ្យយុវជនមានជំនាញមួយពិតប្រាកដ

Narith | ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៥.០៦.២០២៥

សម្តេចធិបតីហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា កម្មវិធីគោលនយោបាយអាទិភាពក្នុងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស មានប្រមាណ១,៥លាននាក់ នឹងជួយឱ្យយុវជននិងបងប្អូនកម្មករនិយោជិតមានជំនាញមួយពិតប្រាកដ អាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស ។

ក្នុងឱកាសអបអរទិវាជាតិអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពក្នុងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស មានប្រមាណ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុងមួយខែ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ។ 
ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត ក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដ មុននឹងចូលទីផ្សារការងារ ឬផ្លាស់ប្ដូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួនចំពោះបងប្អូនកម្មករនិយោជិតដែលកំពុងមានការងារធ្វើស្រាប់ អាចមានលទ្ធភាព និងឱកាសបង្កើននូវផលិតភាពការងារ ជំនាញ និង/ឬមុខតំណែងរបស់ខ្លួនបានកាន់តែខ្ពស់ និងល្អប្រសើរជាងមុន ។
សម្តេចធិបតីបញ្ជាក់ថា  បន្ថែមពីនេះ កម្មវិធីបណ្តុះបណ្តាលនេះ មានវេនសិក្សាដែលមានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋនិងកម្មករនិយោជិត ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ក្នុងទម្រង់ជារយៈពេលខ្លីនិងរយៈពេលវែង និងមានវេនបណ្តុះបណ្តាលជាច្រើនវេន ពោលគឺយុវជននិងបងប្អូនកម្មករនិយោជិត អាចរៀនពេញមួយថ្ងៃក៏បាន រៀនតែមួយព្រឹកឬមួយរសៀលក៏បាន រៀនពេលយប់ក៏បាន និងរៀនតែថ្ងៃសៅរ៍និងអាទិត្យក៏បាន។ ជាវឌ្ឍនភាព គិតត្រឹមខែឧសភា ឆ្នាំ២០២៥ មានយុវជនស្នើសុំចុះឈ្មោះចូលរៀន សរុបចំនួន១២១ ៧២៩នាក់ (យុវជនមកគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៤៩ ៣១១នាក់) និងសិស្សកំពុងសិក្សានិងបានបញ្ចប់សរុបចំនួន៧៣ ៩០៥នាក់ (យុវជនមកគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន៣៤ ១៣០នាក់) ក្នុងនោះ សិស្សដែលបានបញ្ចប់ការសិក្សាមានចំនួន៣៨ ៤៨៦នាក់ (យុវជនមកគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន១៦ ៩៧៥នាក់) ។
តាមរយៈកម្មវិធីនេះ យុវជននិងបងប្អូនកម្មករនិយោជិត នឹងមានជំនាញមួយពិតប្រាកដអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង រក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទី៣របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០% និងទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមា ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន ដើម្បីមកចុះឈ្មោះចូលរៀន និងជំរុញមាតាបិតា អាណាព្យាបាល ដើម្បីអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្ដុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យបានកាន់តែច្រើនឡើង ព្រោះជាការវិនិយោគរយៈពេលខ្លីឆាប់ចប់ ឆាប់ទទួលបានផល និងមានជំនាញមួយច្បាស់លាស់ ដោយសិក្ខាកាម សិស្ស និស្សិត មានឱកាសផ្សារភ្ជាប់ទ្រឹស្ដី និងបទពិសោធដែលមាននៅរោងជាង និងមជ្ឈមណ្ឌលស្រាវជ្រាវ ទៅនឹងការអនុវត្តជាក់ស្ដែងនៅតាមសហគ្រាស គ្រឹះស្ថាន ដែលជំនាញទាំងនេះឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ងាយស្រួលទទួលបានការងារធ្វើឬប្រកបមុខរបរដោយខ្លួនឯង ទទួលបានប្រាក់ចំណូលសមរម្យ រក្សាបាននូវស្ថិរភាពចំណូល និងជួយរំដោះខ្លួននិងក្រុមគ្រួសារ ចេញពីភាពក្រីក្រនិងភាពងាយរងហានិភ័យ ៕

សម្តេចធិបតីថ្លែងថា កម្មវិធីគោលនយោបាយអាទិភាពក្នុងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ នឹងជួយឱ្យយុវជនមានជំនាញមួយពិតប្រាកដ