អភិបាលខេត្តតាកែវ៖ TVET ជាកន្លែងបង្កើតឱកាសការងារ និងសាងក្តីសង្ឃឹមដល់យុវជន

009 | ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2025

ខេត្តតាកែវ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទដ៏មានអត្ថន័យ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសយុវជន។
ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា៖ «TVET មិនមែនត្រឹមតែជាការបណ្តុះបណ្តាលជំនាញប៉ុណ្ណោះទេ ប៉ុន្តែ វាជាការវិនិយោគលើធនធានមនុស្ស ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សង្គមជាតិ។ នៅពេលយុវជន មានជំនាញច្បាស់លាស់ ពួកគេនឹងមានទំនុកចិត្តខ្ពស់ក្នុងការស្វែងរកការងារសមរម្យ ដែលនាំមកនូវប្រាក់ចំណូល ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។»
ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់បន្ថែមថា ការអប់រំ TVET ដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្មទំនើប។ «យើងត្រូវធានាថា កម្មវិធីសិក្សា TVET របស់យើងមានភាពស៊ីចង្វាក់ ជាមួយតម្រូវការជាក់ស្តែង របស់ទីផ្សារការងារ។ ការបណ្តុះបណ្តាលត្រូវតែមានគុណភាពខ្ពស់ ទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីឱ្យនិស្សិតរបស់យើងអាចបំពេញការងារបានភ្លាមៗក្រោយពេលបញ្ចប់ការសិក្សា។ នេះហើយជាគន្លឹះក្នុងការបង្កើតឱកាសការងារពិតប្រាកដ។»
ទាក់ទងនឹងការសាងក្តីសង្ឃឹមជូនយុវជន ឯកឧត្តមបានលើកឡើងថា៖ «យុវជនគឺជាទំពាំងស្នងឫស្សី ជាអនាគត របស់ប្រទេសជាតិ។ ការផ្តល់ឱកាសឱ្យពួកគេទទួលបានការអប់រំជំនាញច្បាស់លាស់ គឺមិនត្រឹមតែផ្តល់ការងារប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងផ្តល់នូវក្តីសង្ឃឹម ទំនុកចិត្ត និងផ្លូវជីវិតដ៏ប្រសើរមួយសម្រាប់ពួកគេ។ នៅពេលដែលយុវជនមានការងារ ធ្វើ មានប្រាក់ចំណូលគ្រប់គ្រាន់ ពួកគេនឹងមានលទ្ធភាពបង្កើតគ្រួសារ មានលទ្ធភាពអភិវឌ្ឍន៍ខ្លួនឯង និងចូលរួមចំណែក កសាងសង្គមមួយដែលរីកចម្រើន។»
ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានអំពាវនាវដល់អាណាព្យាបាល និងយុវជនទាំងអស់ ឱ្យងាកមកចាប់អារម្មណ៍ លើការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យបានកាន់តែច្រើន។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានកិច្ចសហការ កាន់តែជិតស្និទ្ធរវាងគ្រឹះស្ថានអប់រំ TVET ជាមួយវិស័យឯកជន ដើម្បីធានាថាការបណ្តុះបណ្តាល បានឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែង និងផ្តល់ឱកាសការងារក្រោយពេលបញ្ចប់ការសិក្សា។
ឯកឧត្តម វ៉ី សំណាង ក៏បានបង្ហាញយ៉ាងច្បាស់ថា TVET គឺជាកម្លាំងចលករដ៏មានឥទ្ធិពលមួយ ក្នុងការ កសាង ធនធានមនុស្សប្រកបដោយគុណភាព ជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់នូវក្តីសង្ឃឹមដ៏ភ្លឺស្វាងសម្រាប់យុវជនកម្ពុជា ៕