វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយលោក វណ្ណៈមន្ទីរព័ត៌មានខេត្តស្វាយរៀង
ស្វាយរៀង៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១១គីឡូម៉ែត្រ ស្ថាបនាលើផ្លូវក្រវ៉ាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ ១៧១ ដល់ ១៧៥។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកតំណាងក្រុមហ៊ុនដឹញូ វីនេទៀន រីហ្សត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការ អស់លោក លោកស្រី អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៥០០នាក់។
ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះ គឺជាកំណាត់ផ្លូវក្រវ៉ាត់ព្រំដែន ដែលរាជរដ្ឋាភិបាល បានស្ថាបនានៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង លាតសន្ធឹងចាប់ពីបង្គោលព្រំដែនលេខ ១៧១ ក្នុងសង្កាត់បាវិត ដល់បង្គោលព្រំដែនលេខ១៧៥ ក្នុងសង្កាត់ប្រាសាទ មានប្រវែង ១១គ.ម និងជាប្រភេទផ្លូវក្រាលក្រួសក្រហម ប៉ុន្តែកន្លងមក ផ្លូវនេះ បានទទួលរងនូវការខូចខាតមួយចំនួន ដោយសារការប្រើប្រាស់ផង និងដោយសារភ្លៀងផងនៅរដូវវស្សា ដោយមើលឃើញពីតម្រូវការចាំបាច់ នៃការប្រើប្រាស់ផ្លូវរបស់យើង ឆ្លើយតបទៅនឹងកំណើន ប្រជាជន កំណើន នៃការប្រើប្រាស់ និងបម្រើឲ្យការរីកចម្រើននៅក្នុងមូលដ្ឋាននិងជាពិសេសបំផុតដោយមានការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ដឹញូ វីនេទៀន រីហ្សត និងមានការឯកភាពពីកងវិស្វកម្ម អគ្គបញ្ជាការ ក្រសួងការពារជាតិ (ដែលជាអង្គភាពស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន)
និងបានសម្រេចធ្វើការកែលម្អ ដោយធ្វើការលើកកម្ពស់គុណភាពផ្លូវ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវបេតុង ដែលយើងទាំងអស់គ្នា កំពុងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។
ឯកឧត្ដមអភិបាលខេត្ត បានចូលរួមត្រេកអរ ចំពោះការទទួលបាននូវសមិទ្ធផលដ៏ថ្មីស្រឡាងនេះ ជាមួយអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់បាវិត និងសង្កាត់ប្រាសាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ និងសូមថ្លែងនូវការអរគុណចំពោះក្រុមហ៊ុន ដឹញូ វីនេទៀន រីហ្សត ដោយបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សរុបប្រមាណ២,៥លានដុល្លារ ក្នុងការជួយឧបត្ថម្ភទាំង ស្រុងដល់ការស្ថាបនាផ្លូវមួយខ្សែនេះ រួមជាមួយនិងការបំពាក់អំពូលភ្លើងសូឡាអមសងខាងផ្លូវប្រមាណជាង៣៦៨អំពូល។
សមិទ្ធផលទាំងនេះគឺពិតជាសរបញ្ជាក់ឲ្យឃើញពីវប្បធម៌ នៃការចែករំលែក និងស្មារតីរួបរួមសាមគ្គី និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរដ្ឋ និងវិស័យឯកជន ក្នុងកិច្ចគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ផ្សេងៗនៅក្នុងមូលដ្ឋានរបស់យើងជាពិសេសគឺនៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះតែម្ដង ។
ឯឧ ប៉េង ពោធិ៍សា បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការគោរពច្បាប់ចរាចរណ៍បើកបរត្រូវមានការប្រុងប្រយ័ត្ន អប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងអាពេលយើងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានកូនចៅគោរពអាយុចូលធ្វើការសូមមកដាក់ពាក្យសុំចុះឈ្មោះធ្វើការ រោងចក្រនៅតាមរោងចក្រនានាដែលក្រុមហ៊ុនកំពុងមានការខ្វះខាតកម្លាំងពលកម្ម។
ឯកឧត្តមអភិបាលខេត្តក៏បាននាំមកនូវអំណោយ (ក្នុងនោះក៏មានការចូលរួមពីក្រុមហ៊ុនផងដែរ) សម្រាប់ជូនចែកជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង ១ និងថវិកា ៥ម៉ឺនរៀល,ជូនរដ្ឋបាលក្រុងបាវិត ចាត់ចែងរៀបចំកម្មវិធី ចំនួន ៧លានរៀល,ជូនអធិការដ្ឋាននគរបាលក្រុង និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្នុង ១អង្គភាព ២លានរៀល,ជូនផ្នែកសឹករងក្រុង សង្កាត់បាវិត និងសង្កាត់ប្រាសាទ ក្នុង ១អង្គភាព ១លានរៀល,ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ប្រាសាទ ប៉ុស្តិ៍នគរបាលការពារព្រំដែនប្រាសាទ និងយោធាការពារព្រំដែនប្រាសាទ ក្នុង ១អង្គភាព ៥សែនរៀល និងជូនដល់កម្លាំងប្រជាការពារ (សង្កាត់ប្រាសាទ) ៥សែនរៀលផងដែរ៕