វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៦ ០៦ ២០២៥
គម្រោងទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ទៅកាន់ប្រទេសហុងគ្រី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៥ ត្រូវបានលើកពេលដោយសារមានការងារជាអាទិភាពនៅក្នុងប្រទេស។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភា នៃប្រទេសហុងគ្រី, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរឹតចំណងមិត្តភាពដ៏ល្អ ដែលមានស្រាប់រវាងប្រទេសទំាងពីរឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយបន្ថែមទៀតទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅកាន់ប្រទេសហុងគ្រី នឹងធ្វើឡើងនៅពេលណាបន្តទៀត អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងជូនដំណឹងជាផ្លូវការ នៅពេលក្រោយ៕