វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ១៥ ០៦ ២០២៥
MC៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា ខេត្តត្បូងឃ្មុំ គឺជាខេត្តមួយដែលមានសក្តានុពល លើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសេវាកម្ម ដូច្នេះរដ្ឋបាលខេត្ត បាននិងកំពុងធ្វើការទាក់ទាញ និងលើកទឹកចិត្តវិនិយោគិន ដែលមានបំណងចង់ ពង្រីកអាជីវកម្ម ឬចូលមកបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យក្នុងខេត្ត ដើម្បីលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ ខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនវិនិយោគ សរុបចំនួន ៣៦ក្រុមហ៊ុន ក្នុងនោះវិនិយោគរបស់រដ្ឋ មានចំនួន២ និងវិនិយោគឯកជនមានចំនួន ៣៤ក្រុមហ៊ុន។ ឯកឧត្តមអភិបាលបានបន្តថា ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការសម្របសម្រួលដល់វិនិយោគិន ដែលមានបំណងមកបណ្តាក់ទុននៅក្នុងខេត្ត ជាពិសេសលើវិស័យកសិកម្ម ដើម្បីលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង ក្នុងនោះ រដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងបង្កើនការទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនចូលមកបណ្តាក់ទុនលើគ្រប់វិស័យក្នុងខេត្ត តាមរយៈយន្តការអនុគណៈកម្មការវិនិយោគខេត្ត ពង្រឹង និងពង្រីកផ្តល់សេវាវិនិយោគត្រឹមកម្រិតខេត្ត ប្រកបដោយការងាយស្រួល ឆាប់រហ័សសាមញ្ញ និងមានប្រសិទ្ធភាព រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិសាស្ត្រខេត្ត ឱ្យកាន់រីកចម្រើន ដើម្បីបង្កលក្ខណៈល្អសម្រាប់ការចរាចរណ៍ និងដឹកជញ្ជូនទំនិញ ពង្រឹងការអភិវឌ្ឍវិស័យកសិកម្ម វិស័យឧស្សាហកម្ម សិប្បកម្ម និងសេវាកម្មនានាពង្រីករក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
« អ៊ីចឹងចំពោះការទាក់ទាញវិនិយោគនេះ ខេត្តបានខិតខំប្រឹងប្រែង ដូចដែលសម្តេចធិបតីលោក នៅ ពេលដែលអញ្ជើញទៅចូលរួមកិច្ចប្រជុំនានា ឬទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ លោកតែងតែជូបបណ្តា វិនិយោគគិនធំៗ ដើម្បីទាក់ទាញវិនិយោគទាំងនោះ ឱ្យមកវិនិយោគនៅកម្ពុជា ឬអាចហៅបានថា ជាការ ដើរទាក់ម៉ូយ។ដូច្នេះក្នុងនាមអាជ្ញាធរខេត្តបានខិតខំទាក់ទាញអ្នកវិនិយោគ មិនថាសិប្បកម្ម កសិឧស្សាហកម្ម ក៏ដោយ សំខាន់គឺពូកគាត់រកស៊ីនៅក្នុងខេត្តយើង ទោះបីបុគ្គលិកតិចឬច្រើន ធ្វើយ៉ាងណាឱ្យបងប្អូនមាន ជីវភាពល្អ ប្រសើរ។»
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនវិនិយោគ សរុបចំនួន ៣៦ក្រុមហ៊ុន ក្នុងនោះវិនិយោគរបស់រដ្ឋ មានចំនួន២ និងវិនិយោគឯកជនមានចំនួន ៣៤ក្រុមហ៊ុន។ ក្នុងនោះ ក្រុមហ៊ុនចំនួន១៨ វិនិយោគលើវិស័យកសិកម្មដូចជា ដំណាំស្រូវ ដំឡូងមី ស្វាយចន្ទី អំពៅ កៅស៊ូ កែច្នៃផ្លែឈើ(ចេក) និងដំណាំម្រេចជាដើម និងកែច្នៃជ័រកៅស៊ូក្រែប ៦ក្រុមហ៊ុន ក្រុមហ៊ុនរុករករ៉ែ ១ក្រុមហ៊ុន។ ក្រុមហ៊ុនចំនួន១១ទៀត វិនិយោគលើវិស័យផ្សេងៗ ដូចជា៖ ផ្សារ សណ្ឋាគារទុយោកែច្នៃប្លាស្ទិក ថាមពល ចំណីសត្វ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង៕