វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៦ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានបង្ហាញនូវឆន្ទៈជាវិជ្ជមាន ទៅនឹងការអំពាវនាវរបស់សម្តេច ក្នុងការពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករដែលត្រឡប់មកពីថៃវិញ ។
នៅលើបណ្តាញសង្គម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សកម្មភាពរបស់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញអំពីឆន្ទៈក្នុងការចូលរួម ក្នុងស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរប្រឈមនឹងបញ្ហា។
សូមរំលឹកថា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករដែលត្រឡប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយ ដែលអាចធ្វើទៅបាន ។
បន្ទាប់ពីមានការអំពាវនាវ ពីនាយករដ្ឋមន្ត្រី សមាគមហិរញ្ញវត្ថុចំនួន២ បានពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ដល់ពលករដែលត្រឡប់មកកម្ពុជាពីប្រទេសថៃ តាមរយៈសេចក្ដីថ្លែងការណ៍រួមរបស់ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមពិនិត្យលទ្ធភាព សម្រាលបន្ទុកហិរញ្ញវត្ថុដល់បងប្អូនប្រជាពលករ ដែលត្រឡប់មកពីថៃវិញ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើបងប្អូនពលករដែលធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ៕