វិទ្យុជាតិកម្ពុជា៖ ដោយ ចន ណារិទ្ធ
រាជធានីភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានសូមឱ្យស្មៀនសង្កាត់ទាំង១០៥ ចូលរួម ថែរក្សាសមិទ្ធផលដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នោះគឺសន្តិភាពនៅកម្ពុជា។សន្តិភាពនេះហើយបានធ្វើឱ្យយើងមានឱកាសធ្វើអ្វីៗគ្រប់យ៉ាងរហូតមកដល់សព្វថ្ងៃនេះ។ការស្នើសុំ បែបនេះរបស់ លោក កើត ឆែ បានធ្វើឡើងនាព្រឹកថ្ងៃទី១៦មិថុនាឆ្នាំ២០២៥ ខណៈលោកបានអញ្ជើញជា តំណាង ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី «កិច្ចការស្មៀន» នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកកើត ឆែ ក៏បានថ្លែងនូវការអរគុណចំណោះសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលកន្លងមក តែងតែបានធ្វើការបណ្តុះបណ្តាលបុគ្គលិក-មន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ។
លោកកើត ឆែ បានមានប្រសាសន៍បន្តទៀតថា៖ ស្មៀនបានដើរតួនាទីចម្បងចំនួន០២ ជាអ្នកសម្រប សម្រួលការងារ រដ្ឋបាលផ្ទៃក្នុង នៃរដ្ឋបាលសង្កាត់ផង និងជាអ្នកសម្របសម្រួល ប្រាស្រ័យទាក់ទងជាមួយ ប្រជាពលរដ្ឋនៅមូលដ្ឋានផង។ការបង្កើតនូវយន្តការច្រកចេញចូលតែមួយនៅថ្នាក់សង្កាត់ កាលពីឆ្នាំ ២០២២ បានធ្វើឱ្យទំហំការងាររបស់ស្មៀន កាន់តែច្រើនឡើងទ្វេដង ហើយនៅប៉ុន្មានឆ្នាំចុង ក្រោយនេះ ស្មៀនក៏ទទួលបាននូវការបណ្តុះបណ្តាលលើការងារឌីជីថល, ការងាររបៀប និងគ្រប់គ្រងឯកសាររដ្ឋបាល និងការបណ្តុះបណ្តាលលើជំនាញទន់ រួមមាន «ការ អភិវឌ្ឍផ្នត់គំនិត, Mindset » និង «ភាពជាថ្នាក់ដឹកនាំ, Leadership»ផងដែរ។
លោកកើត ឆែ ក៏បានបញ្ជាក់ផងដែរថា៖ វគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះ នឹងផ្តោតលើទិដ្ឋភាព សំខាន់០២ នោះគឺ ទី១ តួនាទី ភារកិច្ច របៀបរបបការងាររបស់ស្មៀននិងកិច្ចការរដ្ឋបាលឃុំ សង្កាត់និង២ ការរំលឹកឡើងវិញ នូវក្រមសីលធម៌ វិជ្ជាជីវៈការងារ និងឥរិយាបថមន្ត្រីរាជការ ដែលស្មៀនត្រូវប្រកាន់ខ្ជាប់។
ឯកឧត្ដមសូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើក ឡើងថា៖ ស្មៀនសង្កាត់នៅភ្នំពេញ គឺសុទ្ធតែមនុស្សមានចំណេះដឹងខ្ពស់ ពោលគឺស្ទើរតែ៨០ភាគរយ ទៅហើយ ជាស្មៀនដែលមានសញ្ញាបត្របរិញ្ញាឡើងទៅ។ ការបណ្តុះបណ្តាលស្មៀននាពេលនេះ ដើម្បីឱ្យ ស្មៀនទទួលបាននូវចំណេះដឹងជាមូលដ្ឋាន ចេះពីកិច្ចការងារអភិវឌ្ឍមូលដ្ឋានក្រមសីលធម៌ វិជ្ជាជីវៈការងារ និងកិច្ចការងារសហការជាមួយដៃគូអភិវឌ្ឍន៍៕