វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី ១៦ មិថុនាឆ្នាំ ២០១៥
ខេត្តស្ទឹងត្រែង.សត្វស្វាចំនួន៥០ក្បាលក្នុងនោះមានស្វាក្តាម៤០ក្បាលនិងស្វាត្រោស១០ក្បាលត្រូវបានក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើស្ទឹងត្រែងយកទៅលែងក្នុងព្រៃសហគមន៍ ដើម្បីឱ្យវារស់នៅរកចំណីស៊ីដោយខ្លួនឯង និងបានបន្តពូជពង្សនៅក្នុងព្រៃធម្មជាតិ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ក្នុងសកម្មភាពលែងសត្វស្វាឱ្យរស់នៅក្នុងព្រៃធម្មជាតិសហគមន៍ភ្នំប្រជុំមិត្ត ស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ បានបញ្ជាក់ថា៖សត្វស្វាចំនួន៥០ក្បាលត្រូវបាននាំយកមកពីឧទ្យានសួនសត្វព្រៃ ភ្នំតាម៉ៅ មកលែងក្នុងព្រៃសហគមន៍ភ្នំប្រជុំមិត្ត ស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីឱ្យប្រជាសហគមន៍បានបង្កើនកិច្ចការពារផង ។
លោកបន្តថា៖ជាមួយគ្នានេះវាបានបង្កាត់ពូជជាមួយសត្វស្វាកំពុងរស់នៅក្នុងព្រៃឈើសហគមន៍ និងបានផ្សព្វផ្សាយដាស់ស្មារតីដល់ប្រជាពលរដ្ឋរស់នៅតំបន់នេះឱ្យយល់ដឹងហើយនាំគ្នាការពារអភិរក្សនិងស្រលាញ់សត្វព្រៃគ្រប់ប្រភេទ ។
លោក ញ៉ឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វព្រៃ ការពារសួនភូតគាមភ្នំតាម៉ៅបានបញ្ជាក់ថា៖នេះជាការបំបែកហ្វូងសត្វស្វាទាំងនេះពីតំបន់សួនសត្វឱ្យមករស់នៅព្រៃធម្មជាតិដើម្បីឱ្យវាមានភាពសម្បូរបែប ព្រោះតំបន់នេះជាព្រៃឈើសហគមន៍ធម្មជាតិ ហើយអនាគតនិងប្រែក្លាយឱ្យទៅជាតំបន់អេកូទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនាផង។
លោក ឡី ផាន់ណា អភិបាលរងស្រុកថាឡាបរិវ៉ាត់ និងតំណាងឱ្យប្រជាសហគមន៍ ភ្នំប្រជុំមិត្តបានគាំទ្រយុទ្ធសាស្ត្រនេះ ព្រោះយើងបានបង្ហាញពីសកម្មភាពអភិរក្សសត្វព្រៃ ហើយនៅក្នុងព្រៃសហគមន៍នេះមានហ្វូងសត្វខ្ទីង ទន្សោងគោព្រៃ ប្រើស ជ្រួកព្រៃ និងសត្វជាច្រើនប្រភេទទៀតកំពុងរស់នៅ និងត្រូវបានការការពារពីប្រជាសហគមន៍យ៉ាងម៉ត់ចត់បំផុត។
សូមបញ្ជាក់ថា៖នេះជាលើកទីមួយហើយដែលមន្ត្រីឧទ្យានសួនសត្វព្រៃ ការពារសួនភូតគាមភ្នំតាម៉ៅសហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង នាំយកសត្វស្វាទាំងនេះមកលែងនៅក្នុងព្រៃសហគមន៍ ដើម្បីឱ្យវាមានវត្តមានសម្បូរបែប ហើយនិងរៀបចំព្រៃសហគមន៍នេះ ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍បែបធម្មជាតិសម្រាប់បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ៕
គឹមហឿនស្ទឹងត្រែង ថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥