វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៧ ៦ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យមន្ត្រីក្រោមឱវាទពង្រឹងការជួសជុលនិងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងខិតខំផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាពនិងរហ័ស ដើម្បីធានានូវគុណភាពផ្លូវ។
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពី តំណាងក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អភិបាលរងខេត្ត ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរខេត្តជាច្រើនរូប កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារក្នុងវិស័យបានលទ្ធផលល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើដល់បងប្អូនមន្រ្តីរាជការទាំងអស់ឱ្យបន្តខិតខំអនុវត្តការងារ ត្រូវមានវិន័យ មានសាមគ្គីភាព និងសហប្រតិបត្តិការល្អ ព្រមទាំងជំរុញការងារពង្រឹងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងខិតខំផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងរហ័ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បាននាំមកនូវសម្ភារបរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋានមួយចំនួន ក្នុងនោះរួមមាន៖ អាវសុវត្ថិភាព ១០កំប្លេ មួកសុវត្ថិភាព ១០កំប្លេ ភ្លើងសញ្ញា ០២កំប្លេ ផ្លាកសញ្ញាការដ្ឋាន ១៤កំប្លេ កោណសុវត្ថិភាព ១០កំប្លេ ទង់ក្រហម ០២កំប្លេ ម៉ាស៊ីនកាត់ស្មៅ ០១គ្រឿង មួកសុវត្ថិភាពចរាចរណ៍ចំនួន ១០០មួក ស្ទីកឃ័រចំណាំងផ្លាតចំនួន ៥ពាន់សន្លឹក និង Cold Mix សម្រាប់ជួសជុលសម្បុកមាន់ចំនួន ៤តោន ស្មើនឹង ២០០បាវ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនជូនដល់មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនឧត្តរមានជ័យ៕