វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៧.០៦.២០២៥
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាគោរពច្បាប់និងចៀសឱ្យឆ្ងាយពីការ បង្កបញ្ហាអសន្តិសុខទាំងឡាយដល់សង្គម ដើម្បីផ្តល់សុខសុវត្ថិភាពជូនប្រជាជនក្នុងខេត្ត ធ្វើឱ្យខេត្តត្បូងឃ្មុំមានវិនិយោគិន មកបណ្តាក់ទុនវិនិយោគកាន់តែច្រើន និងរួមចំណែកធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ។
លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ដើម្បីឱ្យស្របទៅនឹង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងការបង្រ្កាបករណីក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាការគោរពច្បាប់ចរាចរណ៍ គឺស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានអនុវត្តការងារទាំងនេះ យ៉ាងផុសផុល ដែលអាចកត់សម្គាល់បានថា ពាក់ព័ន្ធជាមួយនឹងបញ្ហាក្មេងទំនើង ក្នុងរយៈពេល១ខែចុងក្រោយនេះ មានការថយចុះយ៉ាងច្រើន ដោយសារអាជ្ញាធរខេត្តបានចាត់វិធានការយ៉ាងតឹងរ៉ឹង យោងទៅតាមអនុសាសន៍ ងើបមួយ ចាប់មួយ គ្មានការលើកលែង គ្មានការអន្តរាគមន៍ ។
លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា ចំពោះការអនុវត្តច្បាប់ចរាចរណ៍ គឺជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាន ជួបប្រជុំជាប្រចាំ និងដាក់បទបញ្ជាដល់គោលដៅទាំងអស់ត្រូវពិនិត្យមើលលើរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ និងអប់រំណែនាំដល់ប្រជាពលរដ្ឋពីការគោរពច្បាប់ចរាចរណ៍ ជាដើម ។ សំឡេង៖ « ពាក់ព័ន្ធជាមួយនឹង គោលដៅ ចរាចរណ៍សណ្តាប់ធ្នាប់ តាមការអញ្ជើញរបស់ នាយកដ្ឋានចរាចរណ៍ផ្លូវគោកជំនាញ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានចូលរួមប្រជុំប្រចាំឆមាសទីមួយ ដោយមានការដាក់បទបញ្ជាទៅដល់គោលដៅទាំងអស់ ត្រូវពិនិត្យមើលរថយន្ត ដែលដឹកលើសទម្ងន់ ខុសលក្ខណៈបច្ចេកទេស គឺត្រូវអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ចំពោះរថយន្តដែលមិនគោរព ច្បាប់ ។ ហើយសម្រាប់សំណូមពរចុងក្រោយ គឺសូមឱ្យបងប្អូនប្រជាពលរដ្ឋគោរពនូវច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
មួយវិញទៀត ចំពោះបញ្ហាគ្រឿងញៀន គឺអធិការក្រុងស្រុកទាំង៧ ក៏ដូចជាជំនាញការិយាល័យគ្រឿងញៀន បានរួម សហការគ្នាអនុវត្តការងារយ៉ាងផុសផុលដូចភ្លៀងរលឹម ដើម្បីធ្វើឱ្យមូលដ្ឋានខេត្តត្បូងឃ្មុំមានសន្តិសុខ សុវត្ថិភាពល្អប្រសើរ ៕