វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ ៦ ២៥
អន្តរជាតិ៖ កាលពីថ្ងៃចន្ទយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកម្ទេចប្រហែលជា ១ភាគ៣ នៃប្រព័ន្ធបាញ់ មីស៊ីលប្រភេទ surface-to-surface របស់អ៊ីរ៉ង់ ខណៈការវាយប្រហារដាក់គ្នារវាងប្រទេសទាំងពីរនៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយក្នុង សេចក្តីថ្លែងការណ៍ថា "យន្តហោះចម្បាំង និងយន្តហោះយោធាជាង ៥០គ្រឿងបានធ្វើប្រតិបត្តិការវាយប្រហារ និងកម្ទេច ប្រព័ន្ធបាញ់មីស៊ីលsurface-to-surface ជាង១២០គ្រឿង។ ចំនួននេះគឺស្មើទៅនឹង ១ភាគ៣នៃប្រព័ន្ធបាញ់មីស៊ីល surface-to-surface ទាំងអស់ ដែលប្រទេសអ៊ីរ៉ង់មាន"។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទអ៊ីរ៉ង់បានបន្តបាញ់មីស៊ីល ទៅលើ ទីក្រុងរបស់អ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សយ៉ាងហោច ៨នាក់ស្លាប់ និងជាង១០០នាក់រងរបួស។ បើតាមអាជ្ញាធរអ៊ីស្រាអែល គិតត្រឹមថ្ងៃចន្ទនេះមនុស្សសរុប ២៤នាក់បានស្លាប់ និងជាង ៤០០នាក់បានរងបួស។ គួរបញ្ចាក់ថា គិតត្រឹមថ្ងៃចន្ទខាងយោធាអ៊ីស្រាអែល ក៏បានបន្តប្រតិបត្តិការវាយប្រហាររបស់ខ្លួន ទៅលើអ៊ីរ៉ង់បន្តទៀត ផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលអ៊ីរ៉ង់ មនុស្សសរុបយ៉ាងហោច ២២៤នាក់ស្លាប់ និងជាង១,០០០នាក់របួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន៕