វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ ៦ ២៥
អន្តរជាតិ៖ បើតាមក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា កាលពីថ្ងៃចន្ទការបាញ់ប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច ៥០នាក់ ដោយពាក់កណ្តាលនៃចំនួនអ្នកស្លាប់គឺនៅជិតទីតាំងចែកជំនួយ របស់មូលនិធិ មនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយអាមេរិក ខណៈមន្ត្រី UN ថ្កោលទោសវិធីសាស្ត្រចែកចាយជំនួយដែលគាំទ្រ ដោយអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រុមគ្រូពេទ្យបញ្ជាក់ថា មនុស្សយ៉ាង តិច ២៣នាក់បានស្លាប់ និង ២០០នាក់បានរងរបួសនៅជិតទីតាំងចែកចាយជំនួយក្នុងទីក្រុងរ៉ាហ្វា។ នេះជាហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំចុងក្រោយ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនដែលព្យាយាមទៅយកស្បៀង ចាប់តាំងពីអ៊ីស្រាអែលដាក់ចេញប្រព័ន្ធចែកចាយថ្មី ក្រោយបន្ធូរបន្ថយការបិទខ្ទប់។ អ៊ីស្រាអែលបានប្រគល់ជំនួយភាគច្រើនទៅឱ្យក្រុមថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិកគឺ មូលនិធិមនុស្សធម៌ Gaza
(GHF) ដែលដំណើរការទីតាំងបីកន្លែងក្រោមការគ្រប់គ្រងពីកងទ័ពអ៊ីស្រាអែល។ UN បានច្រានចោលផែនការនេះ ដោយអះអាងថា ការចែកចាយរបស់ GHF មិនគ្រប់គ្រាន់ គ្រោះថ្នាក់ និងរំលោភគោលការណ៍អព្យាក្រឹតភាពមនុស្សធម៌។ គួរបញ្ចាក់ថា យោធាអ៊ីស្រាអែលមិនទាន់ធ្វើការអត្ថាធិប្បាយអំពីរឿងនេះទេ។ ទោះជាយ៉ាងណា ក្នុងហេតុការណ៍មុនៗ យោធាអ៊ីស្រាអែលបានទទួលស្គាល់ថាបានបាញ់ប្រហារនៅជិតទីតាំងជំនួយ ដោយទម្លាក់កំហុសលើក្រុមសកម្មប្រយុទ្ធ៕