អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
ស្ថិតក្រោមបរិយាកាសដ៏ស្រស់ត្រកាល នៃការចូលមកដល់នៃរដូវវស្សា និងខ្យល់ត្រជាក់នៃសមុទ្រទឹកសាបកម្ពុជា ក្រោមភាពសប្បាយរីករាយ និងស្នាមញញឹមមិនចេះរីងស្ងួតនៃប្រជាពលរដ្ឋរស់នៅ សហគមន៍ទេសចរណ៍កំពង់ភ្លុក ខេត្តសៀមរាប ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ អបអរបុណ្យសមុទ្រទឹកសាបកម្ពុជា ដឹងគុណទន្លេសាប បានប្រព្រឹត្តិទៅអស់ រយៈពេល ២ថ្ងៃ ២យប់ ប្រកបដោយបរិយាកាសសប្បាយរីករាយ ដោយបាននាំមកនូវកម្មវិធីកម្សាន្តសប្បាយជាច្រើន ព្រមទាំងបានផ្សារភ្ជាប់ការស់នៅរបស់សហគមន៍ ជាមួយទេសចរណ៍ បរិស្ថាន និងផ្សព្វផ្សាយសក្តានុពលដ៏សម្បូរបែបរបស់សហគមន៍ទេសចរណ៍កំពង់ភ្លុកនេះ ទៅកាន់ពិភពលោកផងដែរ។
ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ អបអរបុណ្យសមុទ្រទឹកសាបកម្ពុជា ដឹងគុណទន្លេសាប បានប្រព្រឹត្តិទៅអស់រយៈពេល ២ ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ក្រោមប្រធានបទ "ទស្សនារដូវកាលបៃតងនៅកម្ពុជា" ដោយទទួលបានការគាំទ្រយ៉ាងផុលផុសពីអាជ្ញាធរពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ ទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ បានលើកឡើងថា៖ប្រធានបទ ទស្សនាកម្ពុជា ក្នុងរដូវកាលបៃតង គឺជារដូវកាលអំណោយផលល្អ និងប្រកបដោយភាពសុខដុមរមនា។
លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប មានប្រសាសន៍ក្នុងឱកាសនោះថា៖ អាជ្ញាធរស្រុក រួមជាមួយវិស័យឯកជនពិតជាមានកិត្តិយស និងមោទនភាពជាខ្លាំង ដែលបានរៀបចំព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ "ទស្សនារដូវកាលបៃតងនៅកម្ពុជា" ដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ទេសចរជាតិនិងអន្តរជាតិមកពីទីជិតឆ្ងាយ។ លោកថា៖ ព្រឹត្តិការណ៍នេះ បង្កើតឡើងស្របគ្នានិងយុទ្ធនាការសម្អាតបរិស្ថាន និងប្រមូលប្លាស្ទិកក្នុងរដូវទឹកឡើង ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក៥មិថុនា។ ព្រមទាំងមានការប្រារព្ធពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ ដែលជាកម្មវិធីអបអរសាទរសមុទ្រទឹកសាបកម្ពុជា ដឹងគុណទន្លេសាបលើកទី៣ ជាពិសេសផ្សព្វផ្សាយពីផលប៉ះពាល់នៃបរិស្ថាន និងសក្តានុពលរបស់សហគមន៍មួយនេះ។
សំឡេងទី១«រៀបចំឡើងដើម្បីផ្សារភ្ជាប់អំពីការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាមួយនិងការងារទេសចរណ៍ បរិស្ថាន ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលដ៏សម្បូរបែបទៅកាន់ពិភពលោក។ ការរៀបចំដើម្បីផ្សព្វផ្សាយ យល់ដឹងអំពីការបំពុលបរិស្ថានដោយប្លាស្ទិក ជំរុញភាពស្ម័គ្រចិត្តក្នុងការថែរក្សាបរិស្ថាន និងភាពបៃតងស្អាត។ ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក៥មិថុនា និងអបអរទិវាសមុទ្រពិភពលោក៨មិថុនា។ អប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាម និងចូលរួមប្រយុទ្ធប្រឆាំងការបំពុលបរិស្ថានដោយសំណល់ប្លាស្ទិក នៅតាមសហគមន៍បឹងទន្លេសាប។ កម្ពុជាស្អាត ខ្មែរធ្វើបាន ថ្ងៃនេះមិនប្រើប្លាស្ទិក លាហើយប្លាស្ទិកជាដើម។ ការផ្សព្វផ្សាយទេសចរណ៍សហគមន៍ធម្មជាតិក្រៅតំបន់អង្គរ បង្កើតព្រឹត្តិការណ៍បន្ថែមទៀត សម្រាប់រដូវកាលបៃតង កម្ពុជាស្អាត កម្ពុជាបៃតង និងដើម្បីបង្កើនចំណូលសហគមន៍តាមរយៈទេសចរណ៍ចីរភាព និងបៃតង »។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឬស្សី(NGO2)បានឱ្យដឹងថា៖ មកដល់ឆ្នាំទី៣ នៃការប្រារព្ធព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ អង្គការមូលនិធិទំពាំងស្នងប្ញស្សី នៅតែបន្តជួយគាំទ្រទៅកាន់សហគមន៍កំពង់ភ្លុក ទៅលើកិច្ចការសម្អាតបរិស្ថាន ធ្វើយ៉ាងណាឱ្យសហគមន៍នេះ មានសោភណភាពបៃតងស្អាតគ្រប់រដូវកាល ដើម្បីទាក់ទាញទេសចរឱ្យចូលមកកម្សាន្ត។
សំឡេងទី២«បុណ្យនេះយើងសម្អាត ឆ្នាំនេះយើងមានគម្រោងកូនតុក្កតាយក្ស គឺយើងបានដំឡើងនៅទីនេះផ្ទាល់។តុក្កតានេះមានរូបបក្សី សត្វស្លាបទឹក និងរូបត្រីចម្រុះតំណាងនិមិត្តជីវៈចម្រុះនៃបឹងទន្លសាបទាំងមូល យើងមកហែលម្អទាក់ទាញទេសចរ ប៉ុន្តែជាអត្ថន័យការអភិរក្ស ជីវៈចម្រុះបឹងទន្លេសាបដែរ។ ហើយក្នុងនោះយើងមានការចូលរួមអបអរទិវាបរិស្ថានជាតិនិងពិភពលោក លើកទី២៩ ក្រោមប្រធានបទ«ប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក» អ៊ីចឹងប្រធានបទឆ្នាំនេះ គឺត្រូវនិងអ្វីដែលយើងកំពុងធ្វើទៀត អ៊ីចឹងដូចយើងសម្អាតទន្លេព្រឹកមិញ ដកតែប្លាស្ទិកចេញគឺទន្លេសាបស្អាត កំពង់ភ្លុកទាំងមូលស្អាត អ៊ីចឹងបានយើងនៅរក្សាគោលជំហរពាក្យស្លោកដដែលគឺ សហគមន៍យើងស្អាត ទន្លេសាបស្អាតដោយគ្មានប្លាស្ទិក ដកតែប្លាស្ទិកចេញពីទន្លេសាបស្អាត »។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA)មានប្រសាសន៍ថា៖ សមាគមទេសចរណ៍កម្ពុជា តែងតែប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវខ្ពស់។ ចាប់តាំងពីឆ្នាំ២០១៨មក សមាគមទេសចរណ៍កម្ពុជារួមជាមួយដៃគូពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ទាំងកម្រិតធំ និងមធ្យម នៅសហគមន៍បណ្តែតទឹកបឹងទន្លេសាបសំខាន់ៗទាំង៤ក្នុងខេត្តសៀមរាប។ លោកស្រីថា៖ ជាក់ស្តែងការចូលរួមព្រឹត្តិការណ៍នាពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ដែលផ្តោតលើការរួមបញ្ជូលគ្នារវាងការអភិវឌ្ឍទេសចរណ៍ និងការការពារបរិស្ថាន ឈរលើទស្សនទានបរិស្ថានគឺជាឆ្អឹងខ្នង និងជាសសរស្តមដ៏សំខាន់របស់ទេសចរណ៍។
សំឡេងទី៣« ហើយការរៀបចំព្រឹត្តិការណ៍នៅថ្ងៃនេះមានគោលបំណងចំនួន៥ យើងខ្ញុំជឿថា៖ នឹងរួមចំណែកយ៉ាងធំធេង ដល់អនាគតទេសចរណ៍បៃតងនៅកម្ពុជា ទី១.ការយល់ដឹងអំពីប្លាស្ទិកក្នុងទឹកបឹងទន្លេសាប និងផលប៉ះពាល់ដល់ជីវៈចម្រុះ។ បឹងទន្លេសាបជាអាយុជីវិត និងជាសរសៃឈាមសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសយើង។ទោះជាយ៉ាងណា បញ្ហាសំណល់ប្លាស្ទិកដែលរីករាលដាលក្នុងបឹងបានក្លាយជាក្តីបារម្ភយ៉ាងខ្លាំង ប្លាស្ទិកមិនត្រឹមធ្វើឱ្យបាត់បង់សម្រស់ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងគំរាមគំហែងដល់ជីវៈចម្រុះដ៏សម្បូរបែប ព្រមទាំងប្រភេទត្រីរាប់រយប្រភេទ និងត្រីដទៃទៀត ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។ តាមរយៈព្រឹត្តិការណ៍ថ្ងៃនេះ យើងចង់ឱ្យសាធារណៈជន ជាពិសេសប្រជាជនដែលរស់នៅផ្ទាល់លើទឹក និងក្បែរទឹកយល់ដឹងកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់ទាំងនេះ និងទាញយកផលប្រយោជន៍អំពីទេសចរណ៍ដែលបានមកទីនេះ »។
ជួបជាមួយអ្នកស្រី សួង គា ប្រជាសហគមន៍កំពង់ភ្លុក ជាស្ត្រីដែលប្រកបរបរអុំទូកនាំទេសចរកម្សាន្តក្នុងសហគមន៍បានបង្ហាញការគាំទ្រចំពោះការបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន និងពិធីបុណ្យដឹងគុណទន្លេសាបនេះឡើង ព្រោះថា៖ទាំងនេះមិនត្រឹមរក្សានូវប្រពៃណី ទំនៀមទម្លាប់ដ៏ប្រពៃដែលអ្នកភូមិតែងប្រតិបត្តិប៉ុណ្ណោះទេ ថែមទាំងអាចនាំភ្ញៀវមកស្គាល់សហគមន៍កំពង់ភ្លុកកាន់តែច្រើន។
សំឡេងទី៤« សប្បាយចិត្តដែលបង្កើតបុណ្យទន្លេ ឱ្យមានទេសចរច្រើន ឱ្យប្រជាពលរដ្ឋមកលេងបានច្រើន ឱ្យអ្នកនៅឆ្ងាយៗមក ដើម្បីផ្សព្វផ្សាយបន្តៗគ្នាទៅមុខទៀត។ សុំជួយផ្សព្វផ្សាយឱ្យភ្ញៀវមកជិះទូកនៅតំបន់ទេសចរណ៍កំពង់ភ្លុកឱ្យបានច្រើន »។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែងក្នុងឱកាសព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៥ នាសហគមន៍ទេសចរណ៍កំពង់ភ្លុកថា៖ ព្រឹត្តិការណ៍ដែលបានរៀបចំឡើង ដើម្បីរំលឹកដល់គុណនៃបឹងទន្លេសាប ដែលបានផ្តល់គុណប្រយោជន៍យ៉ាងច្រើនសម្បូរបែបដល់មនុស្សសត្វនិងរុក្ខជាតិយ៉ាងច្រើនឥតគណនា។ មួយវិញទៀតដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសទេសចរណ៍នារដូវកាលបៃតង ដោយផ្តោតការផ្សារភ្ជាប់រវាងបរិស្ថាននិងទេសចរណ៍។ បើយើងក្រឡេងមើលរដូវកាលបៃតង ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា មានទេសភាពបៃតងស្រស់ស្អាតគ្រប់ទីកន្លែង មានអំណោយផលល្អ មានភាពសុខដុមរមនា អាចទាក់ទាញទេសចរជាតិនិងអន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ។ ជាក់ស្តែងដូចនៅសហគមន៍ទេសចរណ៍កំពង់ភ្លុកជាដើម។ ឯកឧត្តមមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងវិស័យឯកជនផង ដែលបានរួមគ្នាបង្កើតជាព្រឹត្តិការណ៍កម្សាន្តសប្បាយ រួមទាំងស្វែងយល់អំពីកិច្ចការបរិស្ថានផង ក្រោមម្លប់នៃសុខសន្តិភាព ដែលកម្ពុជាកំពុងទទួលបានដូចសព្វថ្ងៃនេះ។
សំឡេងទី៥« អ្វីៗទាំងអស់ស្ថិតក្នុងសភាពមួយថា បរិស្ថានល្អ និងវៃឆ្លាត អ៊ីចឹងទស្សនាកម្ពុជាក្នុងដូវកាលបៃតងនេះ គឺជារដូវកាលមួយដែលអំណោយផល បរិយាកាស សុខដុមរមនា រួមជាមួយនិងទិដ្ឋភាពទេសចរណ៍ក៏សម្បូរបែប។ យើងមានទេសចរណ៍ យើងអាចទស្សនាប្រាង្គប្រាសាទនានា តាមតំបន់បេតិកភណ្ឌ ទស្សនាតំបន់អេកូទេសចរណ៍ អាចតំបន់ទេសចរណ៍ធម្មជាតិ ទស្សនាតំបន់ព្រៃភ្នំ ទស្សនាតំបន់ឆ្នេរឬកោះ ឬទឹកជ្រោះរបស់យើង។ អ៊ីចឹងទេព្រឹត្តិការណ៍ដែលយើងរៀបចំនាឱកាសនេះ គឺយើងរៀបចំនៅកំពង់ភ្លុក នៅមាត់បឹងទន្លេសាបផ្ទាល់តែម្តង ហើយការរៀបចំនេះ ដើម្បីរំលឹកគុណបឹងទន្លេសាបរបស់យើង »។
លោកអ្នកនាងជាទីមេត្រី!
ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ និងពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ អបអរបុណ្យសមុទ្រទឹកសាបកម្ពុជា ដឹងគុណទន្លេសាប បានប្រព្រឹត្តិទៅអស់រយៈពេល ២ ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក បានរៀបចំនូវកម្មវិធីសម្បូរបែបជាច្រើនដូចជា៖ជិះកង់ទេសចរណ៍បរិស្ថានបែបផ្សងព្រេងតាមឆ្នេរនៃបឹងទន្លេសាប កម្មវិធីដង្ហែតុក្កតានៃព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៥ សម្អាតបរិស្ថានតាមមាត់បឹងទន្លេសាប ដាំកូនឈើចំនួន២០២៥ដើម ពិធីពូនភ្នំខ្សាច់ និងឧទ្ទិសគុណដល់បឹងទន្លេសាប តាំងពិព័រណ៍ផលិតផលសហគមន៍ទេសចរណ៍ធម្មជាតិ ការប្រកួតបាល់ទះមិត្តភាព និងប្រណាំងទូករបស់សហគមន៍ កម្មវិធីបោះជំរុំទេសចរណ៍បរិស្ថាន ជាពិសេសការលើកទឹកចិត្តនិងផ្តល់រង្វាន់ដល់គ្រួសារបៃតង នៅសហគមន៍ដែលមានសរុប៥០០ខ្នងផ្ទះ រួមនិងសិល្បៈកម្សាន្តសប្បាយជាច្រើនទៀត។
សូមជម្រាបថា នេះជាឆ្នាំទី៣ហើយ ដែលរដ្ឋបាលស្រុកប្រាសាទបាគង រដ្ឋបាលឃុំកំពង់ភ្លុក សហការជាមួយអង្គរការមូលនិធិទំពាំងស្នងឬស្សី (NGO2) ដោយមានការគាំទ្រពីសមាគមទេសចរណ៍កម្ពុជា (CATA) រដ្ឋបាលខេត្តសៀមរាប ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងមានការចូលរួមសហការរៀបចំពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សផង បានរៀបចំពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ ដោយផ្សារភ្ជាប់ទៅនិងពិធីបុណ្យសមុទ្រទឹកសាបកម្ពុជា ដឹងគុណបឹងទន្លេសាប។ ដើម្បីរំលឹកឡើងវិញនូវទំនៀមទម្លាប់ ប្រពៃណី និងដឹងគុណព្រះគង្គា ដែលបានផ្តល់នៅសេចក្តីសុខ និងអត្ថប្រយោជន៍ផ្សេងៗទៀត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាប ពិសេសប្រជាពលរដ្ឋរស់នៅឃុំកំពង់ភ្លុក។ មួយទៀតដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បានយល់ដឹងពីផលប៉ះពាល់បរិស្ថាន និងចេះទុកដាក់សំរាម ញែកសំរាមសំដៅធ្វើយ៉ាងណាឱ្យឃុំមានបរិស្ថានស្អាតល្អ មានភាពបៃតងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឱ្យបានច្រើន៕