សម្តេចបវរធិបតីហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីបិទ“មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា”

Chuon Bona | ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទ“មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា” នៅវិទ្យាស្ថានជាតិអប់រំ។
វត្តមានដ៏ឧត្តុងឧត្តមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ពិតជាកាយវិការប្រកបដោយគុណធម៌ដ៏ប្រពៃថ្លៃថ្លាបំផុត ដែលជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ចំពោះក្មួយៗកុមារយុវជន ក៏ដូចជាថ្នាក់ដឹកនាំ សមាជិក សមាជិកាកាយរឹទិ្ធជាតិកម្ពុជាទូទាំងប្រទេស ជាពិសេសបានផ្តល់ឱកាសឱ្យសមាជិក សមាជិកាទាំងអស់ទទួលបាននូវអនុសាសន៍ថ្មីៗ និងរៀនសូត្រដោយផ្ទាល់ពីបទពិសោធ គំរូវីរភាពដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីជាមេរៀនបទពិសោធសម្រាប់អ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយសុខសន្តិភាព សេ្ថរភាពនយោបាយ វឌ្ឍនភាព និងវិបុលសុខ។  
យោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ បានបង្ហាញថាសមាជិកកាយរឹទ្ធិជាតិកម្ពុជាមានកំណើនឡើងចំនួន ១៨៥ ៣៥៦នាក់ ស្រី ៩១ ០៣៨នាក់ ស្មើ ៤៩,១១ភាគរយ សម្រេចបានតាមចំណុចដៅ នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងកាយរឹទិ្ធជាតិកម្ពុជា។ តាមរយៈកំណើនសមាជិកភាពនេះ កាយរឹទិ្ធជាតិកម្ពុជា បានដើរតួនាទីយ៉ាងសកម្មនៅក្នុងវិស័យអប់រំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកុមារនិងយុវជនលើវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល។ កាយរឹទិ្ធជាតិកម្ពុជា បានគាំទ្រយ៉ាងសកម្មដល់ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(គ.អ.ច.ក.) ឆ្នាំ២០១៦-២០៣០ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត គោលនយោបាយអប់រំបរិយាបន្ន និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ។   បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ដើម្បីគាំទ្រដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ស្តីពីការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ  កែប្រែជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ការបញ្ចូលកម្មវិធីអប់រំកាយរឹទិ្ធកម្មទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សាបន្ថែម ពិតជាបានជួយពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមគ្រឹះស្ថានសិក្សា។  
ជាទិសដៅ កាយរឹទិ្ធជាតិកម្ពុជា បន្តអភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងប្រព័ន្ធកងល្បាតកាយរឹទិ្ធនៅតាមគ្រឹះស្ថានសិក្សា ដើម្បីគាំទ្រសកម្មភាពអាទិភាព និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញលើកទឹកចិត្តដល់យុវជនកម្ពុជា ឱ្យចូលរួមយ៉ាងផុលផុសក្នុងការអនុវត្តគម្រោងសកម្មភាពនៅតាមសហគមន៍នានា សម្រេចបានតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) អង្គការសហប្រជាជាតិ។ លើសពីនេះ កម្មវិធីអប់រំកាយរឹទិ្ធកម្ម បានផ្តល់ឱកាសដល់យុវជនកម្ពុជាចូលរួមក្នុងបុព្វហេតុមាតុភូមិ ដើម្បីកសាងកម្លាំងយុវជនប្រកបដោយចំណេះដឹង សីលធម៌ ភាពធន់ ភាពជាពលរដ្ឋសកល និងមានភក្តីភាពជានិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

សម្តេចបវរធិបតីហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីបិទ“មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា”