វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ
MC ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថា ការជួបជុំគ្នាដើរថ្មើរជើងថ្ងៃនេះ គឺជាកម្មវិធីរបស់បងប្អូនមហាគ្រួសារខ្មែរគ្រប់គ្នា ដោយបានសបញ្ជាក់ពីទឹកចិត្តម្នាក់ៗដែលជាកូនខ្មែរ មានការគិតគូរ យល់ពីសុខទុក្ខ និងចូលរួមចំណែកដោយឆន្ទៈ មោទនភាព និងការជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់កម្ពុជា ចំពោះការការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងព្រឹតិការណ៍ដំណើរថ្មើរជើង «Solidarity March» ដើម្បីជាការបង្ហាញនូវការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប្រដាប់អាវុធជួរមុខ លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេស ថៃ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានប្រសាសន៍ឱ្យដឹងថា ការធ្វើដំណើរថ្មើរជើង "Solidarity March" ដើម្បីបង្ហាញពីការរួមគ្នាជាធ្លុងមួយក្នុងស្មារតី គាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនររណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ) គាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជនគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា ស្មារតី សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់ពលរដ្ឋម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា។
«រាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសដោះស្រាយបញ្ហាដោយសន្តិវិធី ដោះស្រាយគ្រប់មធ្យោបាយទាំងអស់ ទាំងការទូត ច្បាប់ យោធា ដោយនេះគឺយើងជ្រើសរើសយកដំណោះស្រាយសុខសន្តិភាព។ សុខសន្តិភាពដែលសម្ដេច តេជោ ធ្លាប់បានលើកឡើងថា ទោះបីយកករណីតាមាន់ធំ តាមាន់តូច តំបន់មុំបី ក៏ដូចជាប្រាសាទតាក្របី ទៅតុលាការICJ គឺជាដំណោះស្រាយឈ្នះឈ្នះដែលកម្ពុជាសង្ឃឹមថា ភាគីម្ខាងទៀត និងឯកភាពចូលរួមចំណែកដោះស្រាយដោយសន្តិវិធី មានតែតុលាការយុត្តិធម៌ទេ ដែលមានភាពអព្យាក្រឹតក្នុងការមើលឃើញនិងដោះស្រាយបញ្ហានេះដោយសន្តិវិធី ដោយផ្អែកទៅលើមូលដ្ឋាននៃច្បាប់និងច្បាប់អន្តរជាតិ។»
ក្នុងព្រឹតិការណ៍ដំណើរថ្មើរជើង «Solidarity March» ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាកូនខ្មែរ បានប្ដេជ្ញា បន្តចូលរួមទទួលខុសត្រូវចំពោះជោគវាសនារបស់កម្ពុជា តាមរយៈការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារឱ្យបាននូវអធិបតេយ្យ ឯករាជ្យបូរណភាពដែនដី ឯកភាពជាតិ សន្តិភាព រដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ការពារសម្ដេចយាយ លើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធសេរីភាព សេចក្ដីថ្លៃថ្នូររបស់មនុស្ស ចូលរួមចំណែកការពារសន្តិភាព សុខសុវត្ថិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សង្គម និងភាពសុខដុមនៃសង្គមជាតិ ដើម្បីកម្ពុជាបន្តសម្រេចបានកំណើនសេដ្ឋកិច្ច សមធម៌សង្គម ភាពរីកចម្រើនភាពសុខសាន្ត និងស្នាមញញឹមរបស់ប្រជាជន ព្រមទាំងការបន្តលើកកម្ពស់កិត្យានុភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ ព្រះសង្ឃ ប្រជាពលរដ្ឋ តំណាងគណបក្សនយោបាយ និងយុវជនពីគ្រប់ទិសទីដែលបានមកជួបជុំគ្នាដើរថ្មើរជើង «Solidarity March» ដោយបង្ហាញពីមោទនភាពជាតិខ្មែរស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់និន្នាការនយោបាយក្នុងនាមខ្មែរតែមួយ ប្រកបដោយភាពជោគជ័យ និងបានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ រួមមាន រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល កំពងស្ពឺ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនអ្នកសារព័ត៌មានដែលបានចូលរួមសម្របសម្រួល រៀបចំ និងរាយការណ៍ព័ត៌មាន កម្មវិធីនេះឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យត្រចះត្រចង់ ដែលជាមហាកិត្តិយសដ៏ធំធេងជូនប្រទេសជាតិ៕