វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៩ ០៦ ២០២៥)
ភ្នំពេញ៖ សាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេ នៅប្រទេសកម្ពុជាទាំងពីរ បានសាងសង់ចប់ជាស្ថាពរ និងបានបំពាក់សម្ភារៈបរិក្ខារ ស្ទើរតែទាំងស្រុងហើយ ដោយគ្រោងបើកដំណើរការសាកល្បង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។
នេះជាការបញ្ជាក់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងសហការី ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រមទាំងពិភាក្សាការងារលើវឌ្ឍនភាព និងការត្រៀមលក្ខណៈសម្រាប់ការបើកដំណើរការ សាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេ នៅប្រទេសកម្ពុជា។
សូមបញ្ជាក់ជូនថា សាលាវិជ្ជាជីវៈទេសចរណ៍ ត្រូវបានគាំទ្រ និងផ្តល់ហិរញ្ញប្បទាន ដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) សម្រាប់ធ្វើការបណ្តុះបណ្តាលលើ៖ (១) ផ្នែកសេវាកម្មសណ្ឋាគារនិងស្នាក់នៅទេសចរណ៍ (២) ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ (៤) ផ្នែកសេវាកម្មទេសចរណ៍ ដែលស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន ដោយផ្តល់នូវតម្លៃសិក្សាសមស្រប តាមលទ្ធភាពសិស្ស និងនិសិ្សត ដើម្បីទទួលបាននូវជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្ដង់ដា និងប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្លើយតបទៅនឹងការរីកចម្រើន នៃវិស័យទេសចរណ៍កម្ពុជា។
សាលាវិជ្ជាជីវៈ មាន២ទីតាំង គឺនៅរាជធានីភ្នំពេញ ស្ថិតនៅផ្លូវលេខ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំ ៤,០០០ម៉ែត្រការ៉េ មានអគារចំនួន២ ខាងមុខ ២ជាន់ និង ខាងក្រោយ៤ជាន់ ហើយនៅខេត្តព្រះសីហនុ គឺស្ថិតផ្លូវសុភមង្គល ភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ (ជាទីតាំងមន្ទីរទេសចរណ៍ខេត្ត) សាងសង់លើផ្ទៃដីទំហំ១.៧៧៥ ម៉ែត្រការ៉េ មានអគារចំនួន១ កំពស់៤ជាន់ លយមកខាងមុខ១ជាន់។
បច្ចុប្បន្ននេះ សាលាវិជ្ជាជីវៈទាំងពីរ បានសាងសង់ចប់ជាស្ថាពរ និងបានបំពាក់សម្ភារៈបរិក្ខារ ស្ទើរតែទាំងស្រុងហើយ ដោយគ្រោងបើកដំណើរការសាកល្បង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនថាបេសកកម្ម របស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងល្អ ដោយមានការគាំទ្រ និងស្រឡាញ់រាប់អានពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា ហើយបារាំង នៅតែបន្តគាំទ្រកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានធ្វើសកម្មភាពយ៉ាងច្រើនរួមគ្នា ជាពិសេសលើគម្រោងសាលាវិជ្ជាជីវៈទេសចរណ៍ ដ៏មានសារៈសំខាន់ និងដំបូងគេបង្អស់នៅកម្ពុជា ព្រមទាំងបានជូនពរ ដល់ឯកឧត្តមបានទទួលជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មការទូតដ៏ឧត្តុងឧត្តម របស់ឯកឧត្តមនាពេលអនាគត៕