វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥
MC.អង្គការយូណេស្កូ(UNESCO)បានលើកឡើងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នទទួលបន្ទុកកិច្ចការពារនិងថែរក្សារមណីយដ្ឋានអង្គរនៅក្នុងខេត្តសៀមរាប គឺបានខិតខំប្រឹងប្រែងគ្រប់គ្រង អភិរក្ស និងការពារប្រាសាទបុរាណជាច្រើនឱ្យរួចផុតពីហានីភ័យ ព្រមទាំងធ្វើឱ្យតំបន់អង្គរបានលេចធ្លោនិងល្បីល្បាញទៅកាន់ពិភពលោក។
តំណាងអង្គការយូណេស្កូ (UNESCO)ប្រចាំកម្ពុជា លោក Sardar Umar Alam បានថ្លែងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក ដែលកំពុងប្រពឹត្តទៅនៅខេត្តសៀមរាបនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរាបានធ្វើការងារដ៏អស្ចារ្យ ជុំវិញកិច្ចការសង្គ្រោះ កិច្ចការពារ និងអភិរក្សប្រាសាទបុរាណជាច្រើន ក្នុងតំបន់អង្គរ។ អាជ្ញាធរជាតិអប្សរាមិនត្រឹមតែធ្វើការងារដើម្បីការពារអង្គរប៉ុណ្ណោះទេ គឺថែមទាំងបានជួយបង្ហាត់បង្ហាញនិងលើកស្ទួយវប្បធម៌ដែលជាសម្បត្តិបេតិកភណ្ឌ ឱ្យកូនខ្មែរជំនាន់ក្រោយឱ្យបានដឹង និងការជួសជុលប្រព័ន្ធធារាសាស្ត្រសម័យបុរាណឡើងវិញ ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតាមសហគមន៍នៃតំបន់អង្គរផងដែរ។
លោក Sardar Umar Alam បានបង្ហាញជំហរថា អង្គការយូណេស្កូ បានប្ដេជ្ញាចិត្តគាំទ្រលើការងារអភិរក្សនិងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អង្គររបស់កម្ពុជាយ៉ាងខ្លាំង។ លោកបង្ហាញនូវការវាយតម្លៃយ៉ាងស្មោះស្ម័គ្រចំពោះការងារដ៏អស្ចារ្យ របស់អាជ្ញាធរជាតិអប្សរាក្នុងរយៈពេល៣០ឆ្នាំមកនេះ៕