វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ១៩ មិថុនា ឆ្នាំ២០២៥
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ីចូលជួបសម្តែងការគួរសមនាថ្ងៃទី១៩ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ម៉ាឡេស៊ី ជួយនាំសាររបស់សម្តេចអំពីពាក់ព័ន្ធបញ្ហាព្រំដែនជាមួយថៃ ។ ជាការឆ្លើយតបរដ្ឋមន្រ្តីម៉ាឡេស៊ីបានសន្យាពាំនាំប្រសាសន៍សម្តេចជម្រាបទៅនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា សម្ដេចបានស្នើឯកឧត្តម នាំសាររបស់សម្ដេច ទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីប្រាប់ទៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចបានពន្យល់អំពីស្ថានភាព ពិត ប្រាកដនៃការកើតឡើង នៃជម្លោះព្រំដែនកម្ពុជា និងថៃ ជាពិសេសការចាប់ផ្ដើមចេញពីការបាញ់សម្លាប់ទាហានខ្មែរ កាលពីថ្ងៃទី២៨ ខែ ឧសភាកន្លងទៅនេះ ដែលជាការប្រមាថមកលើកម្ពុជា ក៏ដូចជាការឈ្លានពានមកដល់ទឹកដីកម្ពុជា។
សម្ដេចក៏បានបញ្ជាក់ពីបញ្ហានៃការបិទច្រកព្រំដែនដោយឯកតោភាគី និងការប្រមាថ គំរាមដូចជាការគំរាមបិទអគ្គិសនី បិទអ៊ីនធឺណិតជាដើម។ សម្ដេចតេជោក៏បានលើកឡើងពីយន្តការរបស់កម្ពុជាដែលបានធ្វើ គឺការដោះស្រាយដោយសន្តិវិធី ជាពិសេសការជំរុញបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។
ឯកឧត្តមថា ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី បានសន្យាថា នឹងនាំយកនូវសាររបស់សម្ដេចតេជោ ទៅកាន់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ ហើយឯកឧត្តមក៏គាំទ្រចំពោះយន្តការនៃការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់កម្ពុជា ជាពិសេសយន្តការដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។
សំឡេង “ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ម៉ាឡេស៊ីសន្យានាំសារទាំងអស់នេះទៅកាន់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងនាំថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលជាប្រធានអាស៊ានមានលទ្ធភាពធ្វើការដោះស្រាយយ៉ាងណាចំពោះបញ្ហាដែលកើតឡើងរវាងកម្ពុជានិងថៃ”។
សូមរំលឹកថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានឡើងជារលកកម្ដៅខ្លាំងក្រោយពីកងទ័ពថៃ បានបាញ់មុនចូលលេណដ្ឋានកម្ពុជាបណ្ដាលឲ្យយោធិនកម្ពុជា១នាក់បាត់បង់ជីវិត ហើយទីបំផុតកម្ពុជាបានយកសំណុំរឿងតំបន់មុំ៣ , ប្រាសាទតាមានតូច , ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការអន្ដរជាតិ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយមួយថ្ងៃបន្ទាប់ក្រឡាបញ្ជីនៃតុលាការអន្តរជាតិមួយនេះក៏បានទទួលយកលិខិតផ្លូវការអំពីជម្លោះនេះផងដែរ ៕