ក្រុមកសិករនៅស្រុកថាឡា បរិវ៉ាត់ខេត្តស្ទឹងត្រែងនាំគ្នាអភិរក្សដើមទ្រាំង

Narith | ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី១៩មិថុនា២០២៥

       ខេត្តស្ទឹងត្រែង.ក្រុមកសិករធ្វើចម្ការនៅ ភូមិឃុំចំការលើនិងឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង នាំគ្នាថែរក្សាដើមទ្រាំងទុកសម្រាប់កែច្នៃជាវត្ថុប្រើប្រាស់ ក្នុងការបង្កើតជាមុខរបរដើម្បីបង្កើនជីវភាពរស់នៅគួបផ្សំជាមួយនឹងការធ្វើការងារដាំដុះដំណាំផ្សេងៗ ។

       ក្នុងសកម្មភាពសម្អាតស្មៅចម្ការដាំស្រូវ លោកវ៉ាន់ធឿនកសិករនៅឃុំខាងលើនេះបានបញ្ជាក់ថា៖ដើមទ្រាំងជារុក្ខជាតិមួយប្រភេទ ដែលចាស់ទុំពីសម័យដើម តែងគិតថាវាជាធនធានធម្មជាតិដ៏មានតម្លៃសម្រាប់ទាញយកផលមកប្រើប្រាស់ក្នុងជីវភាពរស់នៅ ហើយដើមទ្រាំងនេះពេលវាធំឡើង ចេញផ្លែផ្កាងាប់ដើមខ្លួនឯងតែម្ដង។
   លោកបញ្ជាក់ថា៖ បច្ចុប្បន្នកសិករមួយចំនួន បានថែរក្សាទុកដើមទ្រាំងនេះ នៅពេលវាងាប់ដើមកាប់យកធាងមកកែច្នៃធ្វើចង្កឹះ វែកបាយ និងធ្វើឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត បានតាមតម្រូវការ។
    លោកថា៖មកដល់ឆ្នាំ២០២៥នេះដើមទ្រាំងមិនសូវសម្បូរបែបទេ ព្រោះប្រជាពលរដ្ឋយើងត្រូវការដីធ្វើស្រែចម្ការខ្លះក៏នាំគ្នាកាប់សម្អាតចោល ដោយគិតថាវាឱ្យផលបានតិចតួចប៉ុណ្ណោះ។
      លោកស្រីដូនម៉ៃបានបញ្ជាក់ថា៖ដើមទ្រាំងមានប្រយោជន៍ច្រើនទៅតាមការកែច្នៃរបស់យើង ដូចជាស្លឹកវាអាចយកប្រក់ខ្ទម ប្រក់ផ្ទះ ធ្វើជាជញ្ជាំងបាំងផ្ទះ  ខ្លះត្បាញធ្វើជាភ្ជុលសម្រាប់លក់ ហើយនៅ
រដូវនេះដើមធំល្មមអាចកាប់យកកំពូលវា  ធ្វើជាបន្លែអន្លក់សម្រាប់ស្លស្លុកក៏បាន។ 
      លោកស្រីបន្តថា៖ អ្នកស្រុកនៅតាមទីជនបទបានកាប់ឆ្ការយកដីធ្វើស្រែចម្ការស្ទើរអស់ទៅហើយ តែក៏នៅមាន បងប្អូនយើងមួយចំនួនគាត់រក្សាទុក ដោយសារវាបានផ្ដល់នូវផលប្រយោជន៍ខ្លះៗសម្រាប់ ដោះស្រាយជីវភាព បានសមគួរផងដែរ។
      លោកសនសារឿនអភិបាលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖ចំពោះរុក្ខជាតិមួយប្រភេទនេះអាជ្ញាធរតែងតែណែនាំទៅប្រជាពលរដ្ឋយើងឱ្យថែរក្សាទុក  ព្រោះប៉ុន្មានឆ្នាំកន្លងមកនេះយើងមានអង្គការដៃគូបង្កើតជាសហគមន៍ចង្កឹះទ្រាំង  ហើយនាំយកផលិតផលមកលក់នៅក្នុងខេត្ត និងនាំចេញទៅលក់នៅតាមទីផ្សារផ្សេងៗផងដែរ។
     សូមបញ្ជាក់ថា៖ដើមទ្រាំងនេះចាស់ទុំសម័យដើម យកស្លឹកប្រើការជាសាស្ត្រា ហៅថាស្លឹករឹត ទ្រនុងច្រៀកធ្វើជាកន្លាស់ដោតខ្ទាស់  ស្លឹកសម្រាប់បាំង ធាងចាស់ធ្វើត្រល់ និងច្រៀកធ្វើជាដំបងហើយខ្លះទៀតធ្វើជាដាវ ឬជាព័ន្ធមូល យកទៅចងភ្ជាប់ឬខ្ទាស់និងកាំជណ្តើរផ្ទះ ដោយជឿតាមទម្លាប់ថាខ្មោចបិសាចខ្លាចទ្រាំងនេះជាដើម៕