សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន “ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ”

Narith | ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា ឈួន សំអាត ១៩.០៦.២០២៥

ភ្នំពេញ៖ សៀវភៅម្ហូប “កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ដែលរៀបចំ និងចងក្រងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ (Special Award of the Jury)ពី Gourmand Awards លើកទី៣០ នៅក្នុងកម្មវិធី Cascais World Food Summit ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងលីសស្យាន ប្រទេសព័រទុយហ្គាល់ ដោយមានអ្នកចូលរួមរាប់រយនាក់ មកពីប្រមាណ២០០ប្រទេស។ 
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងនៅថ្ងៃទី១៩ខែមិថុនាថា “សៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ត្រូវបានប្រកាសចេញផ្សាយជាផ្លូវការ ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងបន្តផ្សព្វផ្សាយ និងលើកកម្ពស់កេរដំណែលសិល្បៈ ម្ហូបខ្មែរដែលជាផ្នែកមួយនៃយុទ្ធនាការការទូតអាហារ ក៏ដូចជាការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច របស់កម្ពុជា។ 
សៀវភៅម្ហូបនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងបន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់របស់សៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ ដែលទទួលបានពានរង្វាន់អន្តរជាតិចំនួន ៤ រួមមាន -សៀវភៅម្ហូបអាស៊ីល្អដាច់គេ ឆ្នាំ២០២១ និង ឆ្នាំ២០២២ សៀវភៅម្ហូបឆ្នើមដែលរៀបរៀងដោយ ថ្នាក់ដឹកនាំនៃរដ្ឋ ឆ្នាំ២០២២ និង ពាន់រង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក ឆ្នាំ២០២៣។ 
សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរនេះដែរ បានចងក្រងមុខម្ហូប និងបង្អែមខ្មែរ៣៨មុខ ដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរទូទៅ។ សៀវភៅនេះក៏បានរំលេចនូវផលិតផល កសិកម្ម និងទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជារួមមាន៖ អង្ករផ្ការំដួល អំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ជាដើម។
លោក Edouard Cointreau ប្រធានគណៈកម្មាធិការកម្មវិធីពានរង្វាន់ បានលើកឡើងថា “កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ក្រសួងការបរទេស នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យពិភពលោកចាប់ផ្តើមសិក្សាស្វែងយល់ពីប្រជាជនខ្មែរឡើងវិញ ជាមួយផ្នត់គំនិតដែលកម្រនឹងមានពីមុនមក គឺការកែលម្អនិងលើកកម្ពស់សិល្បៈម្ហូបខ្មែរ។ សៀវភៅ ភាគ២ នេះ ប្រមូលផ្តុំនូវការសិក្សាដ៏គួរឱ្យទាក់ទាញ ដែលលើកតម្កើងអតីតកាលដ៏រុងរឿង សាទរ យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពនាបច្ចុប្បន្នកាល និងទន្ទឹងរង់ចាំអនាគតកាលដ៏ត្រចះត្រចង់របស់ប្រទេសកម្ពុជា”។
សូមបញ្ជាក់ថា ពានរង្វាន់មួយនេះ គឺជាសមិទ្ធផលថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចបន្តខិតខំប្រឹង ប្រែងចូលរួមលើកកម្ពស់កិត្យានុភាពជាតិ និងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការ ប្រែក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់កម្ពុជា៕

សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន “ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ”
សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន “ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ”
សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន “ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ”