វិទ្យុជាតិកម្ពុជា ឈួន សំអាត ១៩.០៦.២០២៥
ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា ដោយមានកិច្ចសហការជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៥នេះ បានរៀបចំកិច្ចពិភាក្សាស្តីពី «នយោបាយការទូតសភា» ដើម្បីចែករំលែកចំណេះដឹងបន្ថែមដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់ពី «នយោបាយការទូតសភា» ដែលពិធីនេះរៀបចំធ្វើឡើងនៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានមានប្រសាសន៍ថា “នយោបាយការទូតសភា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយពង្រឹងសន្តិភាព និងនយោបាយសាធារណៈ ដោយអនុវត្តន៍កិច្ចសហប្រតិបត្តិការទូតជាមួយបណ្តាប្រទេសដៃគូយុទ្ធសាស្ត្រផ្សេងៗ ដើម្បីគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ឲ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព”។
ឯកឧត្តមប្រធានគណៈកម្មការបានបញ្ជាក់ថា នយោបាយការទូតសភារបស់សម្ដេចតេជោ ហ៊ុន សែន បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសន្តិភាព និងស្ថិរភាពជាតិ ព្រមទាំងការចងភ្ជាប់ចំណងទាក់ទងកម្ពុជាជាមួយប្រទេសជាមិត្តកាន់តែរឹងមាំឡើងបន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន នៅតែយកចិត្តទុកដាក់ខ្ពស់ ចំពោះនយោបាយការទូត បើទោះបីជាសម្ដេចមិនស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីក៏ដោយ។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ សម្ដេចតេជោ បាននិងកំពុងពង្រឹង និងពង្រីកវិសាលភាពការងារ និងតួនាទីភារកិច្ច ផ្នែកអំណាចនយោបាយរបស់ព្រឹទ្ធសភាកាន់តែសកម្មខ្លាំងក្លា និងប្រសិទ្ធភាពខ្ពស់ ពិសេសគឺនយោបាយការទូតសភានេះតែម្ដង ដើម្បីធ្វើទំនាក់ទំនងសភាជាមួយបណ្ដាសភាប្រទេសជាមិត្តជុំវិញពិភពលោក សំដៅចងភ្ជាប់ចំណងទាក់ទងកាន់តែរឹងមាំ រវាងប្រទេសនិងប្រទេស។
ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានបន្តនិរន្តរភាពពង្រឹងបន្ថែមឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ គឺនីតិកម្ម តាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។
សូមបញ្ជាក់ថា ការទូតសភាត្រូវបានដាក់ជាការងារអាទិភាពទាំងក្នុងនីតិកាលទី៧ នៃរដ្ឋសភា និងនីតិកាលទី៥ នៃព្រឹទ្ធសភា ដើម្បីជះឥទ្ធិពលសកម្មលើឆាកអន្តរជាតិ ដោយរួមចំណែក ក្នុងការលើកកម្ពស់កិច្ចសន្ទនា សម្រាប់សន្តិភាព ការផ្តល់ការឆ្លើយតបចំពោះបញ្ហាប្រឈមនានា និងការបង្កើនទំនាក់ទំនងប្រកបដោយអភិវឌ្ឍន៍ ជាមួយបណ្តាប្រទេសដទៃៗ៕