កែប៖ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ មានរយៈពេល៨០ថ្ងៃហើយ ក្រោយក្រសួងព័ត៌មាន បានប្រកាសបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបានធ្វើកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ តបតាមការណែនាំរបស់ថ្នាក់ដឹកនាំ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្តដឹកនាំក្រុមការងារចុះផ្សព្វផ្សាយនូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅតាម វិទ្យាល័យចំនួន២ ក្នុងខេត្តកែប រួមមាន៖ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ក្រុងកែប និងវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្រុកដំណាក់ចង្អេីរ ខេត្តកែប។
លោកស្រី ចាប បូរី ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ចំការដូង បានលើកឡើងថា បច្ចុប្បន្នការចែកចាយព័ត៌មាន មានភាពទូលំទូលាយ ប្រជាពលរដ្ឋទូទៅក៏កាន់តែងាយស្រួលក្នុងការទទួលនូវព័ត៌មានចម្រុះនានាទាំងព័ត៌មានពិត និងព័ត៌មានមិនពិត។ ពិតណាស់ព័ត៌មានក្លែងក្លាយពិតជាបានបង្កើតផលប៉ះពាល់ដល់សង្គមជាតិពិតមែន ធ្វើអោយប្រជាពលរដ្ឋរារែកក្នុងការសម្រេចចិត្ត ឬសម្រេចចិត្តខុស។
ជាមួយគ្នានេះដែរ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានបញ្ជាក់ថា កន្លងមកមន្ទីរព័ត៌មាន បានធ្វើយុទ្ធនាធំមួយនៅសាលាខេត្តកែប ដោយមានអ្នកចូលរួមប្រមាណជិត៤០០នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយយុទ្ធនាការនេះធ្វើឡើងក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងបំណងកាត់បន្ថយ ជាអតិបរមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជាទាំងមូល។
ពាក់ព័ន្ធជាមួយការផ្សព្វផ្សាយយុទ្ធនាការដ៏មានសារៈសំខាន់នេះ លោកប្រធានមន្ទីរព័ត៌មានខេត្តកែបថា ក្រៅពីជំរុញឲ្យមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនានា ក្រុមការងារមន្ទីរនឹងបន្តចុះនៅតាមមូលដ្ឋានទេសចរណ៍ និងបន្តចុះតាមខ្នងផ្ទះពលរដ្ឋបន្ថែមទៀត ដើម្បីបញ្ជ្រាបអោយដល់មជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតែម្តង៕
អត្ថបទ៖ លោក ង៉ុង សាន់ មន្ទីរព័ត៌មានខេត្តកែប