វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ០៦ ២០២៥
ក្រុមការងារសុក្រិតកម្មបរិស្ថានកិច្ច ភាពស្អាត ដោយមានការចូលរួមសហការពីមន្ទីរបរិស្ថាន មន្ទីឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ខេត្តកំពត និងមេឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានរកឃើញ និងអនុវត្តច្បាប់ លើករណីមានការ បំពុលទឹកអូរធំ បណ្តាលឱ្យមានត្រីងាប់ ដែលបង្កពីសំណល់រាវរបស់កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន មានទីតាំងស្ថិតនៅ ភូមិកូនសត្វ ឃុំកូនសត្វ ។
ក្រោយចុះពិនិត្យដល់ទីតាំងជាលទ្ធផលនៃការត្រួតពិនិត្យឃើញាថា៖ ការពិនិត្យខាងក្រៅទីតាំងកសិដ្ឋាន៖ ត្រង់ព្រំប្រទល់ កសិដ្ឋានចិញ្ចឹមជ្រូក និងដីឯកជន ឃើញមានទឹកមានសភាពពណ៌ខៀវក្រមៅ មានក្លិនស្អុយតិចៗ ចំណុចទំនប់បង្ហៀរ ក្នុងដីឯកជន ឃើញមានត្រីងាប់ ទឹកមានពណ៌ក្រមៅ មានក្លិនស្អុយ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានផ្តល់ព័តមានថាកន្លងមក ទឹកដៃអូរធំនេះបានប៉ះពាល់ពីការបង្ហូរ សំណល់រាវពីកសិដ្ឋានចិញ្ចឹមជ្រូកក្បែរនេះធ្វើឲ្យទឹកឡើងពណ៌ខ្មៅ និងមានក្លិនស្អុយៗ ខ្លាំងនៅពេលភ្លៀង និងពេលខ្លះមានត្រីងាប់ទៀតផង។
ជាមួយគ្នានេះការពិនិត្យក្នុងទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក តំណាងម្ចាស់កសិដ្ឋាននេះ បានឱ្យដឹងថា មិនមានដាក់ជ្រូក ចិញ្ចឹមទេ ដោយបានផ្អាកចិញ្ចឹមរយៈពេលពីរខែមកហើយ។
ក្រុមការងារពិនិត្យឃើញថា កសិដ្ឋានមានអាងស្តុកសំណល់រាវ ដែលរៀបចំមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយកសិដ្ឋានបានបូមសំណល់រាវយកទៅដាក់តាមរងចំការដូងក្នុងកសិដ្ឋាន ដែលជាហេតុធ្វើឱ្យសំណល់រាវទាំងនោះ ហូរចូលទៅក្នុងដៃអូរធំ ដែលបង្កឲ្យមានការបំពុលបរិស្ថាន ធ្វើឱ្យមានត្រីងាប់ និងមានក្លិនស្អុយ។
ក្រុមការងារដាក់ចេញនូវវិធានការចំពោះមុខ ដល់កសិដ្ឋានជាអាទិ៍៖ ១. កសិដ្ឋានត្រូវបញ្ឈប់ជាបន្ទាន់ការបង្ហូរសំណល់រាវទៅក្រៅកសិដ្ឋាន កុំឱ្យមានការហូរចូលក្នុងអូរធំ ដែលជាអូរសាធារណៈ, ២. ត្រូវទទួលរងពិន័យ ចំពោះការប្រព្រឹត្តល្មើសច្បាប់បង្កឲ្យមានការបំពុលបរិស្ថាន, ៣. កសិដ្ឋានត្រូវផ្តល់សំណង ផលប៉ះពាល់ចំពោះការខូចខាតបរិស្ថាន និងស្តារសម្អាតឡើងឡើងវិញ, ៤. កសិដ្ឋានត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស, ៥. កសិដ្ឋានត្រូវរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ដាក់ជូនមន្ទីរ បរិស្ថានពិនិត្យនិងវាយតម្លៃ, ៦. កសិដ្ឋានត្រូវជូនដំណឹងដល់មន្ទីរករណីមានការផ្លាស់ប្តូរទីតាំង ឬផ្អាកសកម្មភាពចិញ្ចឹម ជ្រូក។
ក្រុមការងារនិងបន្តនីតិវិធីច្បាប់ចំពោះករណីនេះស្រមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ៕