វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២០ ០៦ ២០២៥)
ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ចំនួន១២០៦គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានន័យ ទទួលបានអំណោយ ជាគ្រឿងឧបភោគ បរិភោគ ថវិកា និងបណ្ណមូលនិធិសង្គមសុខាភិបាល (ប.ស.ស) ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីជាការជួយសម្រួល និងកាត់បន្ថយភាពលំបាក ។
ពិធីសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ជាង១ពាន់គ្រួសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នេះជាលើកទី២ ហើយដែលលោកជំទាវ បានមកជួបសួរសុខទុក្ច និងសំណេះសំណាល ព្រមទាំងបាននាំយកអំណោយ មកផ្តល់ជូនប្រជាពលរដ្ឋនៅទីនេះ និងធ្លាប់បំពេញបំណង ដោយរៀបចំដំណើរកម្សាន្តទៅតាមខេត្តនានាទៀតផង។
ដោយសារតែកន្លងមកលោកយាយ លោកតា ដែលមានវត្តមាននៅទីនេះ ធ្លាប់បានដើរលេងកម្សាន្ត នៅភ្នំគូលែន ម្ដងរួចមកហើយ ទើបក្នុងឱកាសនេះ លោកជំទាវបណ្ឌិត នឹងស្នើសុំទៅនាយករដ្ឋមន្ត្រី ដើម្បីឱ្យលោកតា លោកយាយបានទៅដើរលេងកម្សាន្តម្ដងទៀត។
លោកជំទាវបណ្ឌិត បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋក្រីក្រ ពិសេសគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែខ្វល់ខ្វាយ ពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច។ ជាក់ស្ដែងនៅពេលនេះ គឺសម្ដេចធិបតីហ៊ុន ម៉ាណែត បានផ្ដល់នូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ព្រមទាំងប្រគល់បណ្ណមូលនិធិសង្គមសុខាភិបាល (ប.ស.ស) ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជាង១ពាន់គ្រួសារ ដើម្បីបានព្យាបាលជំងឺដោយមិនអស់ប្រាក់។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនធ្លាប់មានសន្តិភាព៥០០ឆ្នាំមកហើយ តែក្នុងសម័យកាលនេះ ពោលគឺក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេច បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាពពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោកជំទាវបណ្ឌិត ក៏រំលឹកផងដែរ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជាមួយនឹងប្រទេសថៃ កាលពីថ្ងៃទី១៨ មិថុនា ប្រជាពលរដ្ឋខ្មែរ បានចូលរួមព្យុហយាត្រា សាមគ្គីភាព ដើម្បីបង្ហាញពីស្មារតី សាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដោយមានអ្នកចូលរួមជាង១៥ម៉ឺននាក់។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា មានចំនួន១៧លាននាក់ បើរួមគ្នាជាធ្លុងមួយ នឹងមានភាពរឹងមាំ ឈ្នះអ្វីគ្រប់យ៉ាង និងបានឱ្យប្រជាពលរដ្ឋទាំងអស់ ជឿទុកចិត្ត ទៅលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរក្សាជាតិមាតុភូមិទុកឱ្យកូនចៅជំនាន់ក្រោយ។
ក្នុងពិធីនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ការនាំយកអំណោយ ផ្តល់ជូនពលរដ្ឋ នាពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ក្នុងនោះ ចំនួនបណ្ណប.ស.ស ទាំងជាង១០០០គ្រួសារនេះ បានប្រគល់ជូនមូលនិធិកុមារកម្ពុជា ចំនួន៩៦០នាក់ និងប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ២ចំនួន ២៨៦នាក់។ បន្ថែមពីលើនេះប្រជាពលរដ្ឋទាំង១២០៦គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគ មួយចំនួនរួមជាមួយនឹងថវិកាចំនួន១០ម៉ឺនរៀលថែមទៀត៕