វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ២០ ខែមិថុនា ឆ្នាំ២០២៥
ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា កម្ពុជាមិនមានយន្តហោះចម្បាំង នាវាចម្បាំងដូចភាគីថៃក៏ពិតមែន ប៉ុន្តែកម្ពុជាមានសព្វាវុធគ្រប់គ្រាន់សម្រាប់ការពារប្រទេស ដោយពុំមានមហិច្ឆតាឈ្លានពានប្រទេសណាមួយនោះទេ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធមីទ្ទីញអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ថា គ្រប់គ្នាពិតជាបានដឹងរួចជាស្រេច ចំពោះសមត្ថភាពកងទ័ព សមត្ថភាព យុទ្ធោបករណ៍របស់ភាគីថៃនិងកម្ពុជាហើយ ក្រោយយោធាថៃបានបង្ហោះអួតពីសព្វាវុធទំនើបៗដូចជាយន្តហោះចម្បាំង នាវាចម្បាំង និងកាំភ្លើងធុនធំ ដែលមានសមត្ថភាពធ្វើសង្គ្រាមបានទាំងដែនអាកាស ដែនគោក និងដែនទឹក ដើម្បីឌឺដងកម្ពុជា ។
ប៉ុន្តែចំពោះការអួតក្អេងក្អាងពីយុទ្ធោបករណ៍ទំនើបៗមកកម្ពុជានេះ ត្រូវនាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិកម្ពុជា បានឆ្លើយតបទៅវិញថា ទោះបីជាកម្ពុជាគ្មានយុទ្ធោបករណ៍ទំនើបដូចថៃក៏ពិតមែន តែកម្ពុជាមានសព្វាវុធគ្រប់គ្រាន់ដើម្បីការពារបូរណភាព និងអធិបតេយ្យភាពជាតិ ។
“ខ្ញុំសូមជម្រាបថា ខ្មែរមិនមានយន្តហោះចម្បាំង មិនមាននាវាចម្បាំងនោះទេ ព្រោះដោយសារអី ខ្មែរបំពេញសមត្ថភាពការពារប្រទេស ខ្មែរមានកាំភ្លើងបាញ់ការពារអាកាស ខ្មែរមានកាំភ្លើងបាញ់ការពាររថក្រោះ ហើយខ្មែរក៏មានកាំភ្លើងបាញ់នៅឯជួរមុខនៅឆ្នេរសមុទ្រដែរ ។ ខ្មែរបានសហការជាមួយភាគីមិត្តមួយចំនួនក្នុងការលើកតម្កើងសមត្ថភាពយោធា ។ ត្រឹមការពារប្រទេសដាច់ខាតការពារប្រទេស មិនមានតម្កើងសព្វាវុធឈ្លានពានគេនោះទេ”។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានពោលពាក្យទៅកាន់មេភូមិភាគថៃរងទី២ដែលព្រហើនបំពានមកលើកម្ពុជា ក្នុងពេលមានជម្លោះនៅតាមព្រំដែនថា ជាមនុស្សឆេវឆាវមិនគិតរកដំណោះស្រាយដោយសន្តិវិធីទេ បែរជាបញ្ឆេះកំហឹងពលរដ្ឋឲ្យធ្វើសង្គ្រាមបង្ហូរឈាមគ្នាវិញ ៕