វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៩.០៦.២០២៥
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំបានថ្លែងថា ការងារត្រួតពិនិត្យបច្ចេកទេសយានយន្ត គឺជាកិច្ចការដ៏សំខាន់ដែលមន្ទីរសាធារណការខេត្តត្បូងឃ្មុំ នៅតែត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីរឹតបន្តឹងការដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ធ្វើយ៉ាង ណាកុំឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ ។
លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៃអគ្គនាយកដា្ឋនវិទ្យុជាតិ ថា ការត្រួតពិនិត្យបច្ចេកទេសយានយន្តតាមរយៈឆៀកចល័ត និងស្ថានីយជញ្ជីងអចល័ត ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មានចំនួន២កន្លែង គឺស្ថានីយជញ្ជីងអចល័តថ្នល់ទទឹង និងស្ថានីយជញ្ជីងក្រូចឆ្មារ ។
លោកបានបន្តថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀកចល័ត) ១.២៣៧គ្រឿង ។ ស្ថានីយជញ្ជីងអចល័តយានយន្តបានត្រួតពិនិត្យសរុប ចំនួន ២៩.៣០២ គ្រឿង ក្នុងនោះ យានយន្តផ្ទុកមិនលើសទម្ងន់ចំនួន ២៥.៤២០គ្រឿង យានយន្តផ្ទុកលើសទម្ងន់ចំនួន ៣.៨៨២គ្រឿង ក្នុងនោះ ផ្ទុកលើសទម្ងន់ ក្រោម៥ភាគរយ ចំនួន ៣.៨៥៣គ្រឿង ផ្ទុកលើសទម្ងន់ ពី៥ភាគរយ ទៅ១០ភាគរយ ចំនួន ១៧គ្រឿង ផ្ទុកលើសទម្ងន់ ពី១០ភាគរយ ទៅ២០ភាគរយ ចំនួន ០៩គ្រឿង ផ្ទុកលើសទម្ងន់លើសពី២០ភាគរយ ចំនួន០៣គ្រឿង បានធ្វើកិច្ចសន្យា និង ពិន័យយានយន្តផ្ទុកលើសទម្ងន់( យានយន្តដែលបានពិន័យលើស ទម្ងន់ពី ០៥តោន ដល់ ០៧តោន ) ចំនួន២៩គ្រឿង ។
« ពាក់ព័ន្ធនឹងស្ថានីយចល័តនេះ គឺមន្ទីរក៏ដូចជាក្រុមការងារបច្ចេកទេសសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយរួមសហការជាមួយនឹងប៉ូលីស កងកម្លាំងប្រដាប់អាវុធនៅលើដងផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខប្រាំពីរនិងផ្លូវជាតិលេខដប់មួយ គឺមន្ទីរបានធ្វើការសហការគ្នា ចុះត្រួតពិនិត្យនិងធ្វើការ ជាពិសេសគឺកាត់ទ្រុងរថយន្តដែលដឹកសំពីងសំពោងតខុសលក្ខណៈបច្ចេកទេស នៅលើផ្លូវជាតិលេខប្រាំពីរនិងផ្លូវជាតិលេខដប់មួយ ក្នុងនោះដែរយើងបានធ្វើកិច្ចការងារនេះយ៉ាងស្អិតល្មួតជាមួយកងកម្លាំងដែលឈរជើងនៅប្រចាំការនៅតាមប៉ុស្តិ៍បណ្ដាផ្លូវជាតិសំខាន់ៗទាំងនេះ » ។
លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានបន្ថែមថា ស្របជាមួយនឹងកិច្ចការងារ ដែលបាននិងកំពុងអនុវត្តការរឹតបន្តឹងនេះ មន្ត្រីជំនាញនៃមន្ទីរសាធារណការក៏ មានការចុះពិនិត្យយានដ្ឋាននៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដោយមានយានដ្ឋានជួសជុលនិងកែច្នៃយានយន្តមានចំនួនប្រមាណជា២៥០កន្លែង គឺមន្ទីររួមជាមួយនឹងរដ្ឋបាលខេត្ត តែងតែចុះណែនាំ ផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ នឹងរួមទាំងការធ្វើលិខិតព្រមាន ក្នុងករណីមានការតទ្រុងខុសលក្ខណៈបច្ចេកទេស ដោយមន្ទីរមានទាំងការផាកពិន័យ ការចុះណែនាំតាមដងផ្លូវ និង ការអនុវត្តច្បាប់លើម្ចាស់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលទាំងនេះគឺជាយុទ្ធសាស្ត្រនិងវិធានការ សម្រាប់ត្រួតពិនិត្យលើការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការដឹកជញ្ជូនទំនិញលើសកម្រិតកំណត់ ៕