វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២០ មិថុនា ២០២៥
MC៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ក្រសួងព័ត៌មាន នឹងយកថ្នាំពេទ្យ និងថ្នាំវីតាមីន ចែកជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ ដើម្បីទុកបម្រុងនៅពេលមានជំងឺផ្សេងៗ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន
បានថ្លែងដូច្នេះ នៅក្នុងឱកាស ទទួលអំណោយជាថ្នាំពេទ្យ ពីលោក តិច ស៊ីម៉ូ នាយកគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម តំណាងឱ្យឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM ដើម្បីនាំយកឱសថមួយចំនួនជូនដល់កងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ។ឱសថដែលនាំយកមកមាន ថ្នាំវីតាមីនដើម្បីជំនួយកម្លាំង ថ្នាំបំបាត់រាគ និងថ្នាំបំបាត់ការឈឺចាប់។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានចាត់ទុកថា ការផ្តល់នូវថ្នាំពេទ្យជូន ដល់ក្រសួងព័ត៌មាន គឺបានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា បង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់សុខភាពរបស់កងទ័ពជួរមុខដែលកំពុងបំពេញការងារការពារទឹកដី ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏ សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន៕