ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តត្បូងឃ្មុំសម្រេចដាក់បញ្ចូលភូមិចំនួន២ទៅជាភូមិគំរូ

Narith | ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២០.០៦.២០២៥

អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្នុងឆ្នាំ២០២៥នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានសម្រេចដាក់បញ្ចូលភូមិចំនួន២ទៅជាភូមិគំរូ រួមមាន ភូមិគោកស្រុក និងភូមិស្មោញ ដើម្បីធ្វើជាភូមិគំរូដែលមាននិរន្តរភាពទៅថ្ងៃអនាគតកាន់តែភ្លឺស្វាង សម្រាប់ឱ្យភូមិដទៃទៀតយកគំរូតាម ។ 

  លោក ស សេន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ដោយទទួលបានគោលការណ៍ណែនាំពីក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពីការកំណត់លក្ខណៈសម្បតិ្ត (ភូមិគំរូ) របស់ក្រសួង គឺមន្ទីរបានដាក់ចេញនូវលក្ខណៈវិនិច្ឆ័យ វិធីសាស្ត្រវាយតម្លៃ លក្ខខណ្ឌផ្ទៀងផ្ទាត់ យន្តការអនុវត្ត និងវិធានការគាំទ្រមួយចំនួន ដែលឆ្លើយតបទៅនឹងស្ថានភាពអភិវឌ្ឍន៍របស់ភូមិនានាក្នុងតំបន់ជនបទ ដើម្បីរួមចំណែកអភិវឌ្ឍន៍តំបន់ជនបទប្រកបដោយ វិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ 
លោកបានបន្តថា ការកំណត់ចំណាត់ថ្នាក់ភូមិគំរូមានចែកចេញជា៤កម្រិត គឺទី១. ភូមិកម្រិតផ្កាយ៣ ត្រូវទទួលពិន្ទុចាប់ពី៨០ ឡើងទៅ ទី២. ភូមិកម្រិតផ្កាយ២ត្រូវទទួលពិន្ទុចាប់ពី ៧១ដល់៧៩ ទី៣. ភូមិកម្រិតផ្កាយ១ត្រូវទទួលពិន្ទុចាប់ពី៦៥ ដល់៧០ និងទី៤. ភូមិដែលមិនទាន់ចូលចំណាត់ថ្នាក់ជាភូមិគំរូ ពិន្ទុតិចជាង៦៥ ។
លោកបានបន្ថែមថា តាមរយៈការវិនិច្ឆ័យ វាយតម្លៃ ក៏ដូចជាអនុវត្តនូវវិធានការគាំទ្រមួយចំនួន គឺមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានជ្រើសរើសភូមិគំរូចំនួនពីរ ក្នុងគោលបំណងធ្វើឱ្យគម្លាតនៃតំបន់ជនបទ និងទីប្រជុំជនឬទីក្រុង កាន់តែកៀកជិតគ្នា ជាពិសេសដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ តាមរយៈការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ក្នុងការពង្រីកមុខរបរប្រចាំថ្ងៃឱ្យដំណើរការដោយរលូន ។ 
« ដោយឡែក ភូមិដែលបានដាក់បញ្ចូលជាភូមិគំរូ ប្រចាំខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០២៥ សរុបចំនួន ២ភូមិ ដែលក្នុងនោះរួម មាន ទី១ ភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ទទួលបានពិន្ទុសរុប៧៣ ចំណាត់ថ្នាក់ផ្កាយ២ ទី២ ភូមិស្មោញ ឃុំល្អៀង ស្រុកត្បូងឃ្មុំ ទទួលបានពិន្ទុសរុប ៧១ ជាប់ចំណាត់ថ្នាក់ផ្កាយ២ »  ។
  លោកបានបញ្ជាក់បន្ថែមទៀតថា ការជ្រើសរើសឱ្យមានភូមិគំរូបែបនេះ ក៏ដើម្បីប្រមូល និងជំរុញការចងក្រងក្រុមបណ្តុះកសិករគំរូក្នុងសហគមន៍ ប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មបែបទំនើប ដោយមានការជួយគាំទ្រពីស្ថាប័នដៃគូនិងគម្រោងនានា ដែលមានគោលបំណងរួម ។ ជាងនេះទៅទៀត ក៏ដើម្បីកៀរគរ និងប្រមូលថវិកាគាំទ្រពីគ្រប់ស្ថាប័ននិងដៃគូអភិវឌ្ឍន៍កុំឱ្យលើកគម្រោងជាន់គ្នា ដោយត្រូវកំណត់ពីតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន ៕

ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តត្បូងឃ្មុំសម្រេចដាក់បញ្ចូលភូមិចំនួន២ទៅជាភូមិគំរូ