វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ដែលរៀបចំដោយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា។
វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិធីពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥នេះ ជាការផ្តល់មហាកិត្តិយសដ៏ខ្ពង់ខ្ពស់ បំផុតនិង បានលើកទឹកចិត្តដល់គ្រប់សមាគមក្នុងប្រទេសកម្ពុជាក្នុងការបំពេញ បេសកកម្ម ផ្សព្វផ្សាយ និងទាក់ទាញ វិនិយោគិន ភ្ញៀវបរទេស ទេសចរ មកពីគ្រប់ទី កន្លែងចូលមកកម្ពុជា រួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ចជាតិស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃ រដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។
ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ ដែលសហព័ន្ធបានអនុវត្ត និងសម្រេចបានការងារជាច្រើន រួមមាន៖ការអញ្ជើញ និងទទួលស្វាគមន៍គណៈប្រតិភូបរទេស ទាំងស្ថាប័នរដ្ឋ និង ឯកជន ចូលមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ និងសមាជិករាជរដ្ឋាភិបាល ក្នុង វិស័យជាច្រើនមានដូចជា៖ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ បច្ចេកវិទ្យា ព័ត៌មាន ការដឹកជញ្ជូន ជាដើម ក៏ដូចជាសំណេះសំណាល ផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងតំណាងសហព័ន្ធ នៅប្រទេសកម្ពុជា។ បានរៀបចំកម្មវិធីនៅក្នុងស្រុក ដូចជា វេទិកា ព្រឹត្តិការណ៍ពិព័រណ៍ សិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីជំនួប និងផ្គូផ្គង រវាងភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការបង្កើនចំណងមិត្តភាព ការកសាងទំនាក់ទំនង ក៏ដូចជាពិនិត្យ លទ្ធភាពក្នុងការចាប់ដៃគូសហការរវាងគ្នាទៅវិញទៅមក។ បានចូលរួម និងរៀបចំព្រឹត្តិការណ៍ជំរុញវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យពាក់ព័ន្ធនានា នៅប្រទេស និងតំបន់ជាច្រើន រួមមាន៖ កូរ៉េ ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ទីក្រុងហុងកុង ជាពិសេសនៅតាមបណ្តាខេត្តក្រុង នៃ ប្រទេសចិន មានដូចជា៖ ប៉េកាំង ស៊ិនជិន ឆុងឈីង ណាននីង សៀងហៃ គ័ងតុង គុនមីង ជាំងស៊ី ហ៊ូណាន គ័ងចូវ ហៃណាន យូណាន។ល។ ដែលវិនិយោគិននិងប្រជាជននៅទីនោះ កោតសរសើរ និងចាប់អារម្មណ៍ ចំពោះសក្តានុពលដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា។ ក្រៅពីការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវបរទេសចូលមកកម្ពុជា សហព័ន្ធក៏ បានកៀរគរសប្បុរសជនជាតិ និងអន្តរជាតិ ចូលរួមក្នុងការងារមនុស្សធម៌ និងសប្បុរសធម៌ផងដែរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ជាទឹកដីអច្ឆរិយៈ ដែលតែងតែបើកទទួលស្វាគមន៍រាល់កិច្ចសហ ប្រតិបត្តិការ មិនថាជាការបណ្តាក់ទុនដោយផ្ទាល់ ការចាប់ដៃគូសហការជាមួយក្រុម ហ៊ុនក្នុងស្រុក ឬការមកក្នុងគោលបំណងទេសចរណ៍។ សក្តានុពលខ្លាំងក្លារបស់កម្ពុជា គឺមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព លំនឹងម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស កម្លាំងពលកម្មវ័យក្មេង និង សកម្ម ជាច្រើន មានទីតាំងស្ថិតនៅចំណុចកណ្តាលតំបន់អាស៊ីអាគ្នេយ៍ រួមជាមួយ ច្រកទីផ្សារដ៏ធំទូលាយ ប្រកបដោយការអភិវឌ្ឍឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទ មានដូចជា ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ស្ពានអាកាស ព្រលានយន្តហោះ ប្រព័ន្ធទូរគមនាគមន៍ អគ្គិសនី ទឹក ដែលផ្តល់ភាពងាយស្រួលសម្រាប់ផលិតកម្ម និង ការដឹកជញ្ជូន ជាពិសេសការគាំទ្រ ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ពី រាជរដ្ឋាភិបាល រួមជាមួយនឹងសក្តានុពលជាច្រើនផ្សេងទៀត៕