វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ៦ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានចូលរួមសកម្មភាពយ៉ាងសំខាន់ក្នុងការទាក់ទាញក្រុមអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើន រួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។
ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គី នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលបានប្តេជ្ញាចិត្តខ្ពស់រួមគ្នា ដឹកនាំនិងដំណើរការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាប្រកបដោយភាពសកម្មនិងសហថាមពល ដើម្បីចាប់យកកាលានុវត្តភាព ក្នុងកិច្ចសហការទ្វេភាគី វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបន្តលើកកម្ពស់កិត្តិនាមកម្ពុជា ឱ្យកាន់តែល្បីល្បាញថែមទៀត នៅលើឆាកអន្តរជាតិ ជាពិសេស ចូលរួមជាមួយរាជរដ្ឋាភិបាលសម្រេច ចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ លើសពីនេះ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានខិតខំបំពេញការងាររបស់ខ្លួនតាមរយៈការរៀបចំព្រឹត្តិការណ៍ជាតិ អន្តរជាតិ បង្កើតជាវេទិការជំនួបគូរផ្គូងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា ជាពិសេសការបង្កើតកម្មវិធីទាក់ទាញអ្នកវិនិយោគថ្មីៗមកទស្សនា សិក្សាស្វែងយល់និងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានកៀគរជំនួយនូវក្នុងការងារសង្គមកិច្ច មនុស្សធម៌ជាច្រើនដែលបានបង្ហាញពីសមានចិត្តនៃការចែករំលែកដ៏ថ្លៃថ្លា។ បន្ថែមពីនេះ បេសកម្មការងារសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក៏ជាការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការជួយបង្កើតការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ប្រជាជនកម្ពុជា ព្រមទាំងជំរុញការនាំចូលជំនាញនិងបច្ចេកវិទ្យាថ្មីៗថែមទៀត ដែលជាកត្តាសំខាន់នូវក្នុងគោលនយោបាយហើយស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
«យោងតាមរបាយការណ៍របស់អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគ្រប់រូប នៃសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលបានប្តេជ្ញាចិត្តខ្ពស់រួមគ្នា ដឹកនាំនិងដំណើរការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាប្រកបដោយភាពសកម្មនិងសហថាមពល ដើម្បីចាប់យកកាលានុវត្តភាព នូវក្នុងកិច្ចសហការទ្វេភាគី វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម»៕