វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥
នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្ត បុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺជាការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និង សភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាត ផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។
អ្នកជំនាញADHOC សម្រាប់ការអភិរក្សបេតិកភណ្ឌ លោកសាស្ត្រាចារ្យ Mounir Bouchenaki ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក)កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ថា តាមរយៈបទពិសោធន៍ គ្មានសមាជិក នៃប្រទេសដែលបានចុះអនុសញ្ញា ផ្តល់នូវការគាំទ្រឬយល់ស្រប ចំពោះការចម្លងប្លង់ប្រាសាទអង្គរវត្តនោះ ទេ។ ព្រោះថា កេតនភណ្ឌមួយ ដែលជាបេតិកភណ្ឌពិភពលោក មានតម្លៃវិសេសវិសាលជាខ្លាំង និងមាន ទំនាក់ទំនងរវាងបេតិកភណ្ឌជាមួយប្រជាជន។ បើសិនយើងចម្លងប្លង់យកទៅតំណាងបែបនេះ វាពិតជា គ្មានតម្លៃទាល់តែសោះ៕