វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២១ ០៦ ២០២៥)
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា ជានិច្ចកាលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្រ របស់អតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។
នៅលើបណ្តាញសង្គម នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានបញ្ជាក់ថា ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់ របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ស្តីពីការកំណត់ ទិវាអតីតយុទ្ធជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី២១ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជា។
បន្ថែមពីលើនេះសម្តេចធិបតី សង្កត់ធ្ងន់ថា ក្រៅពីការរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជន ទូទាំងប្រទេសបានយល់ដឹង កាន់តែទូលំទូលាយបន្ថែមទៀត អំពីអតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិ ក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់ អាវុធ ជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយ យុវជន ឱ្យស័ក្តិសមជាសសរទ្រូងនិងជាអ្នកបន្តវេន ប្រកបដោយ ឧត្តមគតិ មោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ៕