ប្រជាពលរដ្ឋនៅសហគមន៍ការពារធម្មជាតិចំបក់ បានកែទម្លាប់ពីការបំផ្លាញធនធានធម្មជាតិ មកបម្រើវិស័យទេសចរណ៍វិញ

Narith | ថ្ងៃទី 22 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ៦ ២០២៥
ភ្នំពេញ  ៖ លោក ទូច ម៉ន ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅសហគមន៍ការពារធម្មជាតិចំបក់ បានកែប្រែទម្លាប់ពីការបំផ្លាញធនធានធម្មជាតិ មកបម្រើវិស័យទេសចរណ៍វិញ ដើម្បីចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិទាំងនោះឱ្យបានគង់វង្ស និងលើកកម្ពស់ជីវភាពតាមបែបទេសចរណ៍វិញ។

លោក ទូច ម៉ន ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់ បានឱ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៣ និងមានផ្ទៃដីសរុបជាង៣ពាន់ហិកតា មានប្រជាពលរដ្ឋចំនួន៦០០គ្រួសារ បានចងក្រងជាសមាជិកសហគមន៍។ ប្រជាសហគមន៍ទាំងនោះ ពីមុនពួកគាត់បានប្រកបរបរបរបាញ់សត្វ កាប់ឈើលក់ ជាដើម ប៉ុន្តែបច្ចុប្បន្ននេះ មានការយល់ដឹងដោយងាកមកប្រកបរបកសិកម្ម សិប្បកម្ម ការដាំដំណាំ ចិញ្ចឹមសត្វនិងការផ្តល់សេវាកម្មទេសចរណ៍បែបធម្មជាតិវិញ។
លោក បានបន្តថា ប្រជាពលរដ្ឋក្នុងសហគមន៍ចំបក់ពីមុន កម្រិតជីវភាព នៅក្នុងស្ថានភាពមួយ ដូចជាជនជាតិភាគតិចឬជនចំណាកស្រុក គ្មានរបៀបរៀបរយនោះទេ ប៉ុន្តែបច្ចុប្បន្នស្ថានភាព ទោះបីជានៅឆ្ងាយពីក្រុងក៏ពិតមែនតែការរស់នៅមានការវិវត្តច្រើន ។
លោកបានបន្តទៀតថា ការចូលរួមថែរក្សាធនធានធម្មជាតិ ប្រជាពលរដ្ឋមានការចូលរួមធំមែនទែន បើក្រឡេកមើលទៅពីមុន ប្រជាជនពីដើមរកលុយបានតាមរយៈការកាប់ព្រៃឈើ ការបរបាញ់សត្វ ការដាក់អន្ទាក់យកសត្វ ប៉ុន្តែឥលូវនេះលុយដែលទទួលបានមិនច្រើនលើសលុបក៏ដោយ តែលុយដែលបានមកគឺសល់ព្រៃឈើ។
លោកបានបន្ថែមថា ការបង្កើតសហគមន៍មួយ គឺការការពារ ប៉ុន្តែរូបភាពមួយទៀតការអភិវឌ្ឍនៃការរកចំណូល ដែលបានពីការស្នាក់នៅ អាហារ ការនាំភ្ញៀវ ការសម្តែងសិល្បៈរបាំ ដឹកភ្ញៀវទេសចរដោយគោយន្ត ដែលនេះជាចំណូលមួយដែលបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ខណៈដែលការលើកកម្ពស់នេះបានធ្វើឲ្យសល់នូវធនធានធម្មជាតិ។
លោក បានបញ្ជាក់ថា ប្រជាពលរដ្ឋសហគមន៍ចំបក់មានការផ្លាស់ប្តូរផ្នត់គំនិត លែងមានការកាប់បំផ្លាញព្រៃឈើ ដើម្បីយកលុយមកដោះដូរក្នុងជីវភាពរស់នៅ ខណៈប្រសិនបើគ្មានការបង្កើតសហគមន៍នោះទេ ព្រៃឈើក៏គ្មាននៅសល់នោះដែរ។ 
សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិចំបក់ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុបចំនួនជាង៣ពាន់ហិកតា។ សហគមន៍តំបន់ការពារធម្មជាតិចំបក់គឺជាសហគមន៍ទេសចរណ៍ធម្មជាតិមួយដែលលេចធ្លោជាងគេ ហើយប្រជាជនបច្ចុប្បន្នបានផ្តល់សេវាទេសចរណ៍ធម្មជាតិដូចជា ការផ្តល់សេវាផ្ទះស្នាក់នៅ ការចម្អិនម្ហូបអាហារ សេវាដើរកម្សាន្ត មគ្គុទ្ទេសក៏ទេសចរណ៍ជាដើម។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានទៅទស្សនាតំបន់នេះ និងបានផ្តល់ចំណូលជាច្រើនដល់សហគមន៍៕