វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប ។
គួររម្លឹកថា កាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំ បើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយមានវត្តមានចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាលប្រមាណ ៥០០ នាក់។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារ ផែនការយុទ្ធ សាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅ សកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម តាមរយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សារភ្ជាប់ ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និង ពង្រីកសាមគ្គីភាពនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕