វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២២ ០៦ ២០២៥
ក្នុងរយៈពេល៤ឆ្នាំ ពោលគឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ កន្លងមក គម្រោងរេដបូក បានធ្វើការជ្រើសរើសនិស្សិតអាហាររូបករណ៍ទាំងអស់១៦រូប ក្នុងនោះនៅឃុំជីផាត បានទទួលអាហាររូបករណ៍ចំនួន៦រូប មាននិស្សិតជំនាន់ទី១ ដល់ជំនាន់ទី៣។
គម្រោងរេដបូក (REDD+) ដែលដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រសិស្សមកពីតំបន់ជួរភ្នំក្រវាញ ក្រោយពីបានបង្កើតឡើងនៅឆ្នាំ២០១៩ និងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២០ ក្នុងគោលបំណងជួយអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសហគមន៍។
អ្នកស្រី ស៊ីសុវត្តិតេវ រស់នៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានឱ្យដឹងថា គាត់មានកូនប្រុសម្នាក់ ឈ្មោះ ប្រាក់ ធីន បានរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា(IT) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពេលនេះបានចូលធ្វើការនៅស្ថានទូតសហរដ្ឋអាមេរិកទៀតផង។ ស្រ្តីវ័យជាង៤០ ឆ្នាំរូបនេះបានប្រាប់ថា៖ « គម្រោងរេដបូកបានជួយកូនខ្ញុំទាំងកន្លែងស្នាក់នៅ ថ្លៃបង់សាកលវិទ្យាល័យ ថ្លៃម្ហូបអាហារ និងថ្លៃប្រេងសាំង។ បើគ្មានគម្រោងនេះទេកូនខ្ញុំពុំអាចបន្តរៀននៅសាកលវិទ្យាល័យនៅភ្នំពេញបានឡើយ»។
ដូចគ្នានេះដែរ មាស សារ៉ាត់ ដែលមានកូនរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រ តាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញនេះដែរ បានប្រាប់ថា កូនរបស់លោកអាចរៀនថ្នាក់សាកលវិទ្យាល័យនៅភ្នំពេញដោយមិនបង់ប្រាក់ ហើយបានចូលធ្វើការងារនៅរាជធានីភ្នំពេញ ដោយជោគជ័យថែមទៀត។
ដោយឡែក អ្នកស្រី ម៉ៅ ដាលីន ក៏បានបញ្ជាក់ថាមានកូនប្រុសបានជាប់អាហាររូបករណ៍ ក្នុងគម្រោងរេដបូកនេះដែរ គ្រាដែលកន្លងមកពុំគិតថា មានឱកាសនោះឡើយ។
ទាក់ទិនក្នុងរឿងនេះ លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងថា សិស្សអាហាររូបករណ៍ត្រូវបានជ្រើសរើសពីកូនអ្នកក្រីក្រក្នុងសហគមន៍ តាមរយៈការប្រឡងជ្រើសរើស។ លោកបានបញ្ជាក់ថា «រយៈពេល៤ឆ្នាំក្នុងការសិក្សានេះ ផ្ដល់ឱ្យសិស្សសិក្សាលើជំនាញផ្សេងៗ ដើម្បីយកទៅអនុវត្ត និងពួកគេអាចជួយសហគមន៍របស់ពួកគេ ក្រោយពេលបញ្ចប់ការសិក្សា»។
គម្រោងរ៉េដបូកជួរភ្នំក្រវាញខាងត្បូង បានបង្កើតឱកាសចិញ្ចឹមជីវិតសម្រាប់សហគមន៍មូលដ្ឋាន និងបានជួយគាំទ្រជីវភាពរស់នៅរបស់សហគមន៍ចំនួន២៩ ដែលជាទីលំនៅរបស់ប្រជាពលរដ្ឋប្រមាណជាង៤ពាន់គ្រួសារ។ ការជួយគាំទ្រនេះរួមមាន៖ ការជួយគាំទ្រដល់វិស័យទេសចរណ៍ធម្មជាតិ កសិកម្ម និងអាហារូបករណ៍ដល់យុវជន និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធដូចជាអណ្តូងទឹក និងផ្លូវថ្នល់។ ចាប់តាំងពីឆ្នាំ២០២១ អណ្តូងទឹកចំនួន៤៣អណ្តូង និងផ្លូវ ចំនួន៤ខ្សែ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ទន្ទឹមនឹងនោះមានអណ្តូងទឹកចំនួន៤០អណ្តូងបន្ថែមទៀត ជាមួយនឹងស្ពាន ប៉ុស្តិ៍សុខភាព និងសាលារៀន ត្រូវបានគ្រោងទុកថា នឹងសាងសង់នៅក្នុងឆ្នាំនេះ បន្ទាប់ពីចាប់ផ្ដើមកាលពីឆ្នាំ២០១៦មក កម្ពុជាបានរកចំណូលប្រមាណជាង១១,៦លានដុល្លារអាមេរិក ពីការលក់ឥណទានកាបូនពីព្រៃឈើ៕