វិទ្យុជាតិកម្ពុជា ឈួនសំអាត 22.06 .2025
ភ្នំពេញ÷ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធនាការថ្មីគឺ សម្អាតចកចេញពីបឹង សម្រាប់យុទ្ធនាការប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ "រួមគ្នា ទប់ស្កាត់ បង្ការ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា"។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនាឆ្នាំ ២០២៥ ដែលបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ នេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនៅផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីខែកុម្ភៈកន្លងទៅនេះ ជាមួយនឹងការបែងចែក គណៈបញ្ជាការដឹកនាំ ច្បាស់លាស់ រឹងមាំ មុតស្រួច ដែលមានការទទួលខុសត្រូវពីគ្រប់វិស័យ គិតទាំងការអប់រំ ការអនុវត្តវិធានការរដ្ឋបាល ការអនុវត្តវិធានការច្បាប់ ការព្យាបាលនិងការស្ដារនីតិសម្បទា ការគ្រប់គ្រងសារធាតុញៀន និងគីមីផ្សំ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាការបញ្ជាក់ឲ្យឃើញពីយុទ្ធសាស្ត្រដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ស្របតាមអភិក្រមជីវភាពក្រោមប្រព័ន្ធតួអង្គតែមួយ ដែលគ្រប់ស្ថាប័នទាំងអស់រួមគ្នាជាកម្លាំងចលករដ៏រឹងមាំមួយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងដែនសមត្ថកិច្ចនីមួយៗ។
នេះឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក៏បានរំលឹកនូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់សម្ដេចបវរធិបតីកាលពីឆ្នាំកន្លងទៅនេះថា វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឲ្យជោគជ័យបានមិនមែនដូចវែកចកនោះទេ មានន័យថា វែកហើយចកនៅតែត្រឡប់មកវិញដដែល ដូច្នេះត្រូវជំនួសនូវពាក្យថា សម្អាតចកចេញពីបឹង ហើយចាប់ផ្ដើមដាក់សំណាញ់ហ៊ុំព័ទ្ធកន្លែងដែលយើងបានសម្អាតចកនោះឲ្យជិត រួចបន្តរហូតបឹងទាំងមូលមានភាពស្អាតតែម្ដង។
ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់ទៀតថាគោលការណ៍សម្អាតចកចេញពីបឹងរបស់សម្ដេចបវរធិបតីក៏មានអត្ថន័យស្រដៀងនិងខ្លឹមសារនៃពិធីរបស់យើងនាថ្ងៃនេះផងដែរ គឺកាត់ផ្ដាច់ការវិវត្តត្រឡប់នៅបញ្ហាជៀសវៀងវែកចក ជាក់ស្ដែងគិតមកដល់ពេលនេះ ស្ថាប័នរដ្ឋរបស់យើងបានរៀបចំបោសសម្អាតឱ្យក្លាយទៅជាគំរូអនុវត្តច្បាប់មួយពោលគឺ អនុវត្តឱ្យបានម៉ឺងម៉ាត់នៅបទបញ្ជា ០១ ប.ប. ដែលបានធ្វើតេស្តរកសាធារញៀនខុសច្បាប់មន្ត្រីរាជការសរុប ចំនួន ១២១ ៥៥៧នាក់ រកឃើញវិជ្ជមាន ៩៩ នាក់ បណ្ដេញចេញពីក្របខ័ណ្ឌ ៩៨នាក់ និងនៅម្នាក់ទៀតកំពុងស្រាវជ្រាវបន្ថែម ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកំពុងសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ជំរុញបន្តអនុវត្តបទបញ្ជានេះឲ្យបានជាប់ជាប្រចាំ ព្រមទាំងបើកចំហរ ដល់វិស័យឯកជន ដែលស្ម័គ្រចិត្តអនុវត្តគោលការណ៍នេះផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា អាជ្ញាធរជាតិ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលជាអាជ្ញាធរតាក់តែងគោលនយោបាយ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន បានខិតខំប្រឹងប្រែងរិះរកវិធីសាស្រ្តនិងគោលនយោបាយនានា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍គ្រឿងញៀនសកលនាពេលបច្ចុប្បន្ន និងនិន្នាការសម័យឌីជីថលផងដែរ។ ក្នុងនោះដើម្បីឆ្លើយតបទៅនឹងការធ្វើបដិវត្តន៍កម្មឌីជីថលរបស់រាជរដ្ឋាភិបាល អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំកម្មវិធីទូរសព្ទ #No Drug App សម្រាប់ឱ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ជាទម្រង់កម្សាន្តបែបអប់រំ ការតាមដានព័ត៌មាន ការទាញយក និងរៀនសូត្រមេរៀនល្អៗ ស្វែងយល់ព័ត៌មាននិងទីតាំងល្អៗនៅមជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទា ជាពិសេសជាមធ្យោបាយរាយការណ៍ដោយសម្ងាត់ ជូនមកសមត្ថកិច្ចពីករណីចែកចាយ ប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។
ឯកឧត្តមបានបញ្ជាក់ផងដែរថាយុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនអាចសម្រេចទៅបានដរាបណាមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសគឺប្រជាពលរដ្ឋនៅក្នុងសហគមន៍និងអាណាព្យាបាលផ្ទាល់តែម្ដង។
ឯកឧត្តមសន្តិបណ្ឌិតក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ អាណាព្យា បាល និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទាំងអស់គ្នាដើម្បីអនាគតប្រទេសកម្ពុជាគ្មានគ្រឿងញៀន តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្អាតចកចេញពីបឹងទាំងមូលតែម្ដង៕