សម្តេចធិបតីហ៊ុនម៉ាណែតអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

Narith | ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា
  សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិង ជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានៅសាលសណ្ឋាគារសុខាសៀមរាប ។
ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល និងឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លោកជំទាវ អនុប្រធាន ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់សរុបប្រមាណ ៥០០នាក់។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម តាមរយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សារភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
គណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា វិស័យនានា អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ទាំងអស់នៅទូទាំងប្រទេស បានខិតខំយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និងផែនការសកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨» ។ ក្រុមគ្រួសារស.ស.យ.ក. បេ្តជ្ញាថានឹងរៀបចំកម្មវិធីសំខាន់ៗបន្តទៀតសំដៅបង្កើនក្តីស្រឡាញ់ សមានចិត្ត ការគាំទ្រ និងការជួយលើកតម្កើងឱ្យកាន់តែខ្ពស់ថែមទៀតនូវ មោទនភាពរបស់យុវជន និងប្រជាជននៅទូទាំងប្រទេសចំពោះជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយទៅជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បន្ថែមពីនេះទៀតស្របពេលស្ថានភាពតានតឹងនៃបញ្ហាព្រំដែន  ស.ស.យ.ក. នឹងប្តេជ្ញាបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងនូវគ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗរបស់ជាតិ ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ និងបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ស.ស.យ.ក បានរៀបចំដំណើរថ្មើរជើង(Solidarity March) ដោយបានបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី និង រួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ ដែលជាការចូលរួម ចំណែកក្នុងខឿនការពារជាតិប្រជាជនផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប ដោយរូមបញ្ចូលរបៀបវារៈមួយចំនួនរួមមានពិធីបើកដោយផ្តោតលើការស្តាប់របាយការណ៍នៃកិច្ចពិភាក្សា បទអន្តរាគមន៍ កម្មវិធីពង្រឹងស្មារតីក្រុមដោយផ្សារភ្ជាប់នឹងការចូលរួមរបស់សមាជិក សមាជិកា ក្នុងបុព្វហេតុសប្បុរសធម៌ និងពិធីបិទ៕

សម្តេចធិបតីហ៊ុនម៉ាណែតអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា
សម្តេចធិបតីហ៊ុនម៉ាណែតអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា