វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៣ ៦ ២៥
អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ និងការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរដែលស្ថិតក្រោមការធានារបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ អ្នកនាំពាក្យរូបនេះបាននិយាយនៅពេលត្រូវបានស្នើសុំឱ្យធ្វើការអត្ថាធិប្បាយលើការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យបានបន្តថា "សកម្មភាពរបស់ សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយបានធ្វើឱ្យភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរឡើងថែមទៀត"។ លោកបានបន្ថែមថា ចិនអំពាវនាវឱ្យភាគីនៃជម្លោះ ជាពិសេសអ៊ីស្រាអែល ត្រូវឈានដល់បទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ធានាសុវត្ថិភាពជនស៊ីវិល និងចាប់ផ្តើមការសន្ទនា និងការចរចា"។ លោកបានបញ្ជាក់ថា "ចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងគាំទ្រយុត្តិធម៌ ហើយធ្វើការដើម្បីស្តារសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា"៕