វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៣ ៦ ២៥
អន្តរជាតិ៖ អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍របស់ប្រទេសវៀតណាម បានលើកឡើងពីតួនាទីសំខាន់នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ប្រកបដោយចីរភាពមិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពយូរអង្វែងផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ថ្លែងសុន្ទរកថាបើករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពី "ភាពក្រីក្រ ការអភិវឌ្ឍន៍ និងជម្លោះ៖ ផលប៉ះពាល់សម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ" នៅទីក្រុងញូវយ៉ក លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមដូចជា ភាពក្រីក្រ វិសមភាព អសន្តិសុខស្បៀង និងការបាត់បង់ជីវភាពរស់នៅ គឺជាមូលហេតុដើមចមនៃអស្ថិរភាព។ លោកក៏បានសង្កត់ធ្ងន់ទៅលើការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមក្នុងការជំរុញការអភិវឌ្ឍន៍អាទិភាពក្នុងរបៀបវារៈសន្តិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ។ លោកក៏ផ្តល់នូវអនុសាសន៍ជាក់ស្តែងមួយចំនួន ដើម្បីពង្រឹងការសម្របសម្រួលកាន់តែជិតស្និទរវាង UNSC និងប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ជាពិសេសជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) ក៏ដូចជាគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ (PBC) និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីជំរុញឱ្យមានវិធីសាស្រ្ត ដ៏ទូលំទូលាយ និងសមាហរណកម្មបន្ថែមទៀតចំពោះការថែរក្សាសន្តិភាព ការកសាងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព៕