វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ៦ ២០២៥
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក បានកំពុងចូលរួមថែរក្សាមរតកដូនតាជំនាន់មុន ដោយឈរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការកសាងមាតុភូមិ តាមរយៈរួមគ្នាចូលរួមថែរក្សា អភិរក្សកេរដំណែលវប្បធម៌ជាតិពីដូនតា និងអភិវឌ្ឍនូវអ្វីថ្មីៗបន្ថែមទៀត។
ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នាសណ្ឋាគារសុខាសៀមរាបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ ពីថ្នាក់កណ្តាលដល់មូលដ្ឋាន ដែលបានរួមគ្នាយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ព្រមទាំងបានលះបង់ពេលវេលាដ៏មានតម្លៃ ធនធានផ្ទាល់ខ្លួន ដើម្បីបំពេញមុខងារ ក្នុងតួនាទីនិងបេសកម្មដ៏ពិសិដ្ឋរបស់ ស.ស.យ.ក ជាពិសេសកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងទស្សនៈទានការបង្ហាញអត្តសញ្ញាណ UYSC 2.0 ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាក់ស្តែងក្នុងការកំណត់បាននូវកំណត់ត្រាឯកត្តកម្មជាបន្តបន្ទាប់នាពេលកន្លងមក ដូចជា អន្សមយក្ស ក្រមាវែងជាងគេលើពិភពលោក ទូក.ងវែងជាងគេលើពិភពលោក ការបត់បេះដូងក្រដាសច្រើនជាងគេលើពិភពលោក ពិតជាបង្ហាញការចូលរួមយ៉ាងសកម្មរបស់ ស.ស.យ.ក នៅក្នុងចលនាបណ្តុះស្មារតីជាតិនិងបានក្លាយជាចលនាស្នូលនៅក្នុងការលើកតម្កើងកិត្យានុភាពនៅលើឆាកអន្តរជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្មារតីនេះ ខ្មែរធ្វើបានដែលផ្តួចផ្តើមដោយ ស.ស.យ.ក គឺបង្ហាញយ៉ាងច្បាស់ថា ខ្មែររស់រានមានជីវិតឡើងវិញក្រោយថ្ងៃ៧មករា ១៩៧៩ ក៏បានបន្តអភិវឌ្ឍន៍ជាតិសាសនា មានអរិយធម៌ វប្បធម៌និងអត្តសញ្ញាណជាតិដូចសម័យអាណាចក្រអង្គររុងរឿង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ព្រឹត្តិការណ៍សាទរកម្ពុជាបានបង្ហាញឱ្យឃើញស្មារតីវិញជាធ្លុងមួយ ក្នុងការអបអរសាទរនិងបន្តថែរក្សានូវស្នាដៃនិងសមិទ្ធផលដ៏ថ្លៃថ្លា ដែលថ្នាក់ដឹកនាំជំនាន់មុនបានទុកជាមរតក ហើយថ្នាក់ដឹកនាំបន្តវេននិងយុវជនគ្រប់រូប ត្រូវថែរក្សាការពារ និងបន្តអភិវឌ្ឍន៍ ឱ្យបានកាន់តែខ្លាំងខ្លា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមិទ្ធផលទាំងអស់ ពិតជាបានឆ្លុះបញ្ចាំង នូវស្មារតី២ធ្នូ ដែលយុវជនកម្ពុជាបានធ្វើពលីកម្ម គ្រប់បែបយ៉ាងក្នុងការចូលរួមការពារ កសាងអភិវឌ្ឍន៍និងលើកតម្កើងកិត្យានុភាពជាតិមាតុភូមិនៅគ្រប់កាលៈទេសៈ។ កម្លាំងយុវជនស.ស.យ.ក ដែលបានវិវត្តន៍ពីសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា បន្តមកជាសមាគមយុវជនកម្ពុជា និងបច្ចុប្បន្នជាសហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងបន្តថែរក្សា ការពារមរកតជាប្រវត្តិសាស្ត្ររបស់អ្នកជំនាន់មុននិងបានចូលរួមយ៉ាងសកម្ម នូវក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅការកសាងកម្ពុជាដ៏រុងរឿង។
» ពិតណាស់ចលនាយុវជនដែលរស់នៅក្នុងស្មារតីបម្រើបុព្វហេតុជាតិមាតុភូមិ មានតាំងពីយុវជនជំនាន់មុនរហូតដល់យុវជនជំនាន់បច្ចុប្បន្នមិនបានកាត់ផ្តាច់ពីសង្គមយើងនោះទេ ទាំងក្នុងដំណាក់កាលសង្រ្គាម ក្នុងដំណើរការនៃការកសាងសង្គមជាតិរហូតដល់បច្ចុប្បន្ននេះ។ ជាពិសេសក្នុងដំណាក់កាលចុងក្រោយនេះ យើងបានរួបរួមគ្នាជាធ្លុងមួយពួតដៃពូនជ្រំកសាងសហគមន៍ សហសម័យកម្ពុជា ដោយឈរលើអភិក្រមស្ម័គ្រចិត្តនិងបានបន្តស្មារតីនៃការឯកភាពជាតិ សាមគ្គីភាព និងបំប្លែងកម្លាំងស្ម័គ្រចិត្តក្នុងស្មារតីខ្មែរតែមួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់ធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប មានសុខសន្តិភាព ស្ថិរភាពនយោបាយ សុខុមាលភាពសង្គម និងមានកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាពនិងបរិយាប័ន្ន»៕