វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រំលឹកពីការពលីកម្មរបស់យោធាខ្មែរម្នាក់ជាព្រិន្ទបាលឯក សួន រោន ដែលត្រូវបានទាហានថ្ងៃបាញ់សម្លាប់ក្នុងពេលប៉ះទង្គិចគ្នាមួយប្រាវកាលពីថ្ងៃទី២៨ឧសភា កន្លងទៅនេះ គឺជាគំរូវីរភាពមួយ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា សម្តេចធិបតីបានមានប្រសាសន៍ថា កម្លាំងគាំទ្ររបស់ប្រជាជាតិមួយយ៉ាងផុលផុសក្នុងកាលៈ ទេសៈដែលប្រទេសជាតិកំពុងមានបញ្ហា បានបង្ហាញឲ្យឃើញអំពីការយល់ត្រូវចំពោះជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី ដែលមិនអនុញ្ញាតឲ្យជាតិសាសន៍ណាមករំលោភបំពានមើលងាយបានឡើយ។ សម្តេចធិបតីបន្តថា ជាក់ស្តែងករណីព្រិន្ទបាលឯក សួន រោនដែល លះបង់អាយុជីវិតការពារបូរណភាពទឹកដីនោះគឺជាវីរភាពមួយមិនអាចកាត់ថ្លៃបានឡើយ ។
“កាលពីថ្ងៃទី២៨ ខែឧសភា មរណភាពរបស់យុទ្ធជន យើងព្រិន្ទបាលឯក សួន រោន ក្នុងកិច្ចការពារព្រំដែននិងបូរណភាពទឹកដីគឺពិតជាបានបង្ហាញនូវវីរភាពគំរូនិងពលីកម្មដ៏ថ្លៃថ្លារបស់យុទ្ធជនក្នុងបុព្វហេតុជាតិ និងប្រជាជន ។ ក្នុងនាមរាជរដ្ឋាភិបាលជាថ្មីម្តងទៀតសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារសពលោក សួន រោនដែលបានទទួលមរណភាពដោយសារការបាញ់ប្រហារដោយរំលោភបំពានពីសំណាក់ទាហានថៃមកលើទីតាំងឈរជើងរបស់កម្ពុជានៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននៅព្រំដែនកម្ពុជា-ថៃនៅតំបន់មុំបី”។
ក្នុងឱកាសនេះដែរ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធ កងទ័ពដែលកំពុងធ្វើសកម្មភាពយ៉ាងម៉ឹងម៉ាត់ក្នុងការការពារបូរណភាពទឹកដីខ្មែរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
សម្តេចធិបតីក៏បានផ្ញើសារអរគុណចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈដែលបានចូលរួមគាំទ្រនិងលើកទឹកយ៉ាងខ្លាំងក្លាដល់កងទ័ពខ្មែរនៅព្រំដែន ។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើងពីការជួបជុំគ្នាដើរដោយថ្មើរជើង ដែលបានរៀបចំឡើងដោយឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងទៅថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញនូវការសាមគ្គីជាតិ ឯកភាពជាតិ ខណៈព្រឹតិ្តការណ៍នេះ មានការចុះផ្សាយពីទូរទស្សន៍អន្តរជាតិជាច្រើន រួមទាំងសារព័ត៌មានថៃ ក៏មានការផ្សព្វផ្សាយដែរនោះ។
សូមបញ្ជាក់ថា លោកសួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត៕