វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៣ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ស្មារតីស្នេហាជាតិ និងឆន្ទៈ គាំទ្រ របស់ពលរដ្ឋខ្មែរ ដែលផុសឡើងខ្ពស់នាពេលនេះ មិនបានកើតឡើង ដោយសារតែរាជរដ្ឋាភិបាល កម្ពុជា ប្រើល្បិចកល ឬរៀបគម្រោងអ្វីមួយ ដើម្បីចំណេញគោលនយោបាយផ្ទៃក្នុងរបស់ខ្លួនឡើយ គឺផុស ឡើងដោយស្មារតីជាតិនិយមពិតប្រាកដ ដែលកើតចេញពីការរងនូវការប្រមាថ និងមើលងាយពីសំណាក់ ភាគីថៃ រាប់ចាប់ពីចុងឆ្នាំមុន និងដើមឆ្នាំនេះ រហូតដល់ពេលដែលកើតមានបញ្ហាព្រំដែន ២៨ ឧសភា ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានកិត្តិយសសហភាព សហព័ន្ធយុវជនកម្ពុជាខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំ គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងនោះសម្តេចធិបតី បានរំលឹកថា ភាគីថៃ បានបំផុសជាតិនិយមខ្លួនឯង ក្នុងប្រទេស ដើម្បីបម្រើផល ប្រយោជន៍នយោបាយក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែប្រទេសថៃ បានដើរហួសបន្ទាត់ក្រហម ឈានដល់ការ ប្រកាសចង់ប្រើកងកម្លាំង ដើម្បីកាន់កាប់ទឹកដីកម្ពុជា ជាពិសេសតំបន់រសើប ដែលកំពុងកើតមាននោះ បានធ្វើឱ្យកម្ពុជា ត្រូវតែឆ្លើយតបវិញ ដោយមិនអាចបណ្តោយឱ្យប៉ះពាល់កិត្តិយសជាតិរបស់ខ្មែរឡើយ ជាពិសេសបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន ។
សម្តេចធិបតី បានគូសបញ្ជាក់ថា ទាំងជាតិនិយម និងរឿងនយោបាយផ្ទៃក្នុងរបស់ថៃ ជាពិសេស អ្នកជ្រុលនិយម បានបង្កើតនូវស្មារតីជាតិនិយម ដែលបន្ទោសបង្អាប់មកលើកម្ពុជា ក៏រដ្ឋាភិបាលកម្ពុជា បន្តអត់ធ្មត់ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ បានឃើញសកម្មភាពទាំងនេះ តាមបណ្តាញសារព័ត៌មាន ទើបកើត ការឈឺចាប់ និងក្តៅក្រហាយ ជាពិសេសកាលពីថ្ងៃ២៨ ខែឧសភា កងកម្លាំងថៃ បានចូលមកបាញ់ កងទ័ពខ្មែរក្នុងលេណដ្ឋាន ដែលជាដែនអធិបតេយ្យភាពរបស់ខ្លួន ហើយភាគីថៃ បែរជាចោទប្រកាន់ កម្ពុជាទៀត ថាជាអ្នកបាញ់មុន ។
ក្នុងនោះសម្តេចធិបតី ចាត់ទុកសកម្មភាពគឃ្លើន និងប្រមាថមើលងាយកម្ពុជា រួមទាំងការគំរាមកំហែង កន្លងមក គឺជាការបញ្ឆេះនូវកំហឹង បញ្ឆេះនូវស្មារតីជាតិនិយមក្នុងប្រទេសកម្ពុជា ដែលប្រទេសនេះ មិនអាចឱ្យគេមើលងាយរហូត ឬបន្ទោសរហូតបែបនេះនោះទេ ខណៈដែលស្មារតីជាតិនិយមរបស់ពលរដ្ឋ ជាច្រើនលើសលប់ មិនមែនទើបតែមានពេលដែល ស.ស.យ.ក រៀបចំកាលពី១៨ មិថុនានោះទេ ។
បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា អ្នកវិភាគនយោបាយ អ្នកនយោបាយមួយចំនួននៅថៃ ព្រមទាំងសារព័ត៌មានមួយចំនួន បានចោទប្រកាន់កម្ពុជា ថា ជាអ្នកផ្តួចផ្តើមរឿង ICJ ដើម្បីបំផុស ចលនាជាតិនិយមខាងក្នុងប្រទេស ដើម្បីលើកប្រជាប្រិយភាពរដ្ឋាភិបាល ព្រោះរដ្ឋាភិបាលអត់ មានប្រជាប្រិយទេ ហើយខំដុតកម្ដៅជាតិនិយមដើម្បីឡើង ។
ក្នុងនោះសម្តេចធិបតី អះអាងថា កម្ពុជា មិនបានទៅបញ្ឆេះកំហឹងជាតិនិយមទេ ហើយក៏មិនបានចង់ទៅ រករឿង ឬទៅមានរឿងដែរ ស្របពេលដែលរាប់សិបខែមកហើយ ដែលរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ការ អត់ធ្មត់ សូម្បីតែពេលខ្លះ រាជរដ្ឋាភិបាល ត្រូវបានមតិខ្មែរគ្នាឯងមួយចំនួន មជ្ឈដ្ឋាននយោបាយមួយចំនួន ចោទថា អន់ ឬខ្លាចយ៉ាងណាក៏ដោយ ។
"ដើមចមនៃការបំផុសនូវស្មារតីជាតិនិយមរបស់កម្ពុជា គឺមិនមែនដោយសារកម្ពុជាបំផុស ដើម្បីយកទៅវ៉ៃអ្នកណា ចំណេញនយោបាយផ្ទៃក្នុងទេ ប៉ុន្តែដោយសារកត្តាខាងក្រៅ ដែលប្រទេសមួយ អ្នកនយោបាយមួយ ចង់ចំណេញខ្លួនឯង បំផុសនយោបាយផ្ទៃក្នុងខ្លួនឯង ហើយយកកម្ពុជា ធ្វើជាបាវសាក់ នេះហើយដែលធ្វើឱ្យជាតិខ្មែររបស់យើង ត្រូវឆ្លើយតបទៅវិញ នេះគឺជាស្មារតីដែលដុតបញ្ឆេះ តើរដ្ឋាភិបាល សម្តេចតេជោ ក្នុងនាមជាប្រធានគណបក្សកាន់អំណាច ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស តើយើង ចាំបាច់បំផុស តើយើងបំផុសធ្វើអីទេ អត់ទេ អ្វីដែលយើងធ្វើគ្រាន់តែបំពេញភារកិច្ចរបស់យើង ដឹកនាំតែ ប៉ុណ្ណឹង ដឹកនាំប្រទេសមួយ ដាក់ចេញគោលនយោបាយប្រទេសមួយ គោលដៅវិធានការប្រទេសមួយ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងដើម្បីការពារផលប្រយោជន៍ ឧត្តមប្រយោជន៍ជាតិ តែប៉ុណ្ណោះ យើងធ្វើតែប៉ុណ្ណឹង ចលនាជាតិនិយមរបស់ខ្មែរ ចេញមកក្រោយរាជរដ្ឋាភិបាល វាតែប៉ុណ្ណឹង"៕