សម្តេចធិបតី ៖ បើព្រំដែនកម្ពុជាបិទនៅកន្លែងណាមួយ គឺបិទជាអចិន្ត្រៃយ៍

Narith | ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២៥ 

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា បើច្រកទ្វារព្រំដែនរបស់ប្រទេសកម្ពុជាបិទនៅកន្លែងណាមួយហើយ គឺបិទជាអចិន្ត្រៃយ៍តែម្តង ប៉ុន្តែបើចង់បើកវិញ ភាគីថៃត្រូវតែបើកទាំងអស់ព្រមគ្នា។ 

នាឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី មានប្រសាសន៍ថា បើសម្តេច បញ្ជាឲ្យមានការបិទច្រកព្រំដែនណាមួយហើយ គឺសម្តេចមានភាពទទួលខុសត្រូវ ខណៈបានបិទព្រំដែន នៅខេត្តឧត្ដរមានជ័យ។ សម្ដេចធិបតីបន្តថា នៅកម្ពុជា នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាទៅថ្នាក់ក្រោម បានទាំងអស់ ហើយសុទ្ធតែអនុវត្តនិងស្ដាប់តាម ខុសពីប្រទេសថៃ មេទ័ពតូចមួយផងក៏មិនគោរព នាយករដ្ឋមន្ត្រីដែរ។ 

«ខ្ញុំបញ្ជាក់ថា បើកម្ពុជាបិទអត់មានបើកវិញនូវច្រកហ្នឹង នៅពេលអ្នកឯងបើកទេ គឺបិទរហូត ទាល់តែទូទាំងព្រំដែនទាំងមូលបើក បានបើកបាន។ មិនមែនថា  បើកជប់គគីរថ្ងៃនេះ គេបើក គេបិទ យើងបិទ ដល់ពេលគេបើក យើងបើកដែរ អត់ទេណា។ តែបិទ គឺបិទអចិន្ត្រៃយ៍ហើយ ទាល់តែអ្នកឯងបើក ជាឯកតោភាគី ទូទាំងព្រំដែនទាំងអស់ឲ្យដូចមុនថ្ងៃ៧ មិថុនា បានកម្ពុជា គិតគូរបើកឡើងវិញ» ។ 

សម្ដេចនាយករដ្ឋមន្ដ្រី បានអះអាងជាថ្មីថា កម្ពុជាមិនមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋ        នៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនទៅវិញទៅមកនោះទេ ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបបិទព្រំដែនជាឯកតោភាគីបន្តទៀត ដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។ 

សម្តេចធិបតីបន្ដថា កម្ពុជាមានភាពទន់ភ្លន់ដោយមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសជិតខាងមួយនោះទេ ប៉ុន្តែក៏ត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលាផងដែរ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ។ សម្តេចគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ, កម្ពុជាធ្វើខ្លួនដូចជាពស់ មិនឡូឡា មិនរញ៉េរញ៉ៃ ប៉ុន្តែចឹកឲ្យស្លាប់តែម្តង ៕

សម្តេចធិបតី ៖ បើព្រំដែនកម្ពុជាបិទនៅកន្លែងណាមួយ គឺបិទជាអចិន្ត្រៃយ៍