វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី២៣ មិថុនាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- អភិបាលរងខេត្តស្ទឹងត្រែងទទួលបន្ទុកសម្របសម្រួលបញ្ហាដីធ្លីបានជំរុញឱ្យអាជ្ញាធរ ភូមិ ឃុំស្រុកបង្កើនកិច្ចសហការជាមួយមន្ត្រីជំនាញដីធ្លី កំណត់កត្តាអាទិភាពឱ្យបានច្បាស់លាស់ ដោយបង្ហាញពីទំហំផ្លូវ ចំណីអូរ បឹង ព្រែក និងប្រឡាយដើម្បីឲ្យប្រាកដថាមិនមានផលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនច្រើន និងគិតអំពីផលប្រយោជន៍រួមសម្រាប់កូនចៅជំនាន់ក្រោយនៃថ្ងៃអនាគត។
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការរដ្ឋបាល ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាល ទំហំផ្លូវ អូរ បឹង ព្រែកនិងប្រឡាយ ក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅសាលាខេត្តស្ទឹងត្រែង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ ការកំណត់កត្តាអាទិភាពខាងលើនេះមានសារៈសំខាន់សម្រាប់ការចុះបញ្ជីដីធ្លីឱ្យស្របតាមលក្ខណៈជាប្រព័ន្ធ ហើយក្នុងកិច្ចប្រជុំនេះដែរ អាជ្ញាធរ ភូមិ ឃុំ និងស្រុកបង្កើនកិច្ចសហការជាមួយមន្ត្រីជំនាញអនុវត្តការងារទាំងនេះឱ្យមានតម្លាភាពនិងប្រសិទ្ធភាព ។
លោក អភិបាលរងមានប្រសាសន៍បន្តថា៖ ក្រោយកិច្ចប្រជុំនេះទៅក្រុមការងារនិងទទួលបានធាតុចូលដែលជាឯកតា កំណត់លើទំហំផ្លូវ ដីចំណីអូរ បឹង ព្រែក និងប្រឡាយឲ្យបានជាក់លាក់រួចហើយ មន្ត្រីជំនាញត្រូវធ្វើការបិទផ្សព្វផ្សាយ និងជូនដំណឹងទៅដល់ប្រជាពលរដ្ឋមូលដ្ឋានឲ្យដឹង និងធ្វើការចុះបញ្ជីដោយផ្អែកទៅលើកិច្ចប្រជុំ ដែលក្រុមការងារទាំងអស់បានសម្រេចនាពេលនេះ។
លោក ស៊ួងហ៊ីអភិបាលស្រុកសៀមបូកបានបញ្ជាក់ថា៖ កិច្ចការងារ ពាក់ព័ន្ធខាងលើនេះ
មន្ត្រីជំនាញបានពិនិត្យត្រឹមត្រូវតាមច្បាប់គតិយុត ហើយបានឯកភាពគ្នាជាមួយម្ចាស់ដីធ្លី និងចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបង្កភាពងាយស្រួល ជូនបងប្អូនប្រជាពលរដ្ឋយើងនិងឈានទៅចេញប័ណ្ណកម្មសិទ្ធជូននៅពេលក្រោយ ។
លោកអ៊ាង សំអូន មេឃុំ ស្រែក្រសាំងបានឱ្យដឹងថា៖តំណាងឱ្យប្រជាពលរដ្ឋបានគាំទ្រទៅលើគោលការណ៍ឯកភាពគ្នានេះព្រោះវាជាយន្តការដោះស្រាយប្រកបដោយតម្លាភាព និងបានផ្តល់ផលប្រយោជន៍ដល់សង្គមជាតិផង មួយវិញទៀតចៀសវាងបាននូវបញ្ហាទំនាស់ផ្សេងៗ និងការទាមទារយកដីចំណីអូរបឹង ព្រែកប្រឡាយជាដើមពីបងប្អូនប្រជាពលរដ្ឋនៅថ្ងៃក្រោយ ។
សូមបញ្ជាក់ថា ៖នេះជាកិច្ចការងារបន្ថែមក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិកោះក្រូច ក្នុងឃុំស្រែក្រសាំង និងនៅភូមិភ្ជល់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ដែលមន្ត្រីជំនាញចុះវាស់វែងសរុបបានចំនួន ៥៥៩ក្បាលដី ក្នុងនោះនៅភូមិកោះក្រូចចំនួន២៥១ក្បាលដីនិងនៅភូមិភ្ជល់ ភូមិស្វាយ ចំនួន ៣០៨ ក្បាលដីដើម្បីពន្លឿនផែនការឆ្នាំ២០២៥ធ្វើឱ្យការវាស់វែងបានរួចរាល់តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល៕