វិទ្យុជាតិកម្ពុជា៖ បូណា និងរូប២៣ ០៦ ២៥
ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកឱ្យភ្ញៀវជាតិ និងអន្ដរជាតិចូលកម្សាន្តនៅក្នុងរមណីយដ្ឋានក្បាលឆាយជាបណ្តោះអាសន្ន ខណៈដែលស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ហើយមានកម្រិតទឹកខ្ពស់បានធ្វើឱ្យ មានទឹកជំនន់នៅតំបន់។
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ហើយមានកម្រិតទឹកខ្ពស់បានធ្វើឱ្យ មានទឹកជំនន់នៅតំបន់ក្បាលឆាយ និងបានហូរច្រោះដាច់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយប្រវែង ២០ម៉ែត្រ ត្រង់ចំណុច PK4.70 ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងន័យនេះដើម្បីបញ្ចៀសនូវផលប៉ះពាល់ផ្សេងៗ ក៏ដូចជាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការចូលកម្សាន្ត នៅក្នុងរមណីយដ្ឋានក្បាលឆាយ និងការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយត្រង់ចំណុច PK4.70 រហូតដល់មានការជូនដំណឹងជាថ្មីអំពីការបើកចរាចរណ៍ឡើងវិញ៕