វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៦ ២០២៥
ប្រជាសហគមន៍ការពារធម្មជាតិចំបក់ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានទទួលចំណូលបន្ថែមពីឫស្សី ដើម្បីផ្គត់ផ្ឋង់ជីវភាពគ្រួសារបន្ថែមពីប្រភពចំណូលផ្សេងទៀត ដូចជាសេវាទេសចរណ៍ ការរៀបចំផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរ និងរបរកសិកម្ម។
បើតាមការរៀបរាប់ឲ្យដឹងពីលោក ទូច ម៉ន ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់, គឺប្រជាសហគមន៍នៅទីនោះ បានចូលទៅដកហូតឫស្សីតាមលក្ខណៈបច្ចេកទេស ដែលឫស្សីទាំងនោះមានអាយុចាប់ពី៣ឆ្នាំឡើងទៅ។ ពួកគាត់អាចរកចំណូលបានពីការដកហូតឫស្សីដូចជា ឫស្សីឃ្លៃ ឫស្សីព្រិច ឫស្សីព្រៃ និងឫស្សីទ្រនំ ដោយក្នុងមួយថ្ងៃយ៉ាងហោចណាស់បានថវិកាជិត៣០ដុល្លារ។ លោក ថ្លែងដូច្នេះថា "មួយបាច់តម្លៃ៥៥០០រៀល ក្នុងនេះមួយថ្ងៃប្រមូលបាន២០បាច់ ក៏ឃើញលុយបានច្រើនដែរ។ ក្រៅពីនេះប្រជាសហគមន៍បានធ្វើការឱ្យក្រុមហ៊ុន ដោយក្នុងនេះពួកគាត់អាចរកចំណូលតាមរយៈស្ងោរ និងព័ទ្ធឫស្សី ដែលនេះជាប្រាក់ចំណូលរបស់ពួកគាត់ តាមរយៈការធ្វើការងារឱ្យក្រុមហ៊ុនមួយផ្នែកទៀត"។ លោក ទូច ម៉ន បានឲ្យដឹងថា ផ្ទៃដីរបស់សហគមន៍ដែលគ្រប់គ្រងរាល់ថ្ងៃ មាន៣.៣៨២ហិកតា ក្នុងនោះមានផ្ទៃដីឫស្សី១.២៦២ហិកតា។ ក្នុងចំណោមឫស្សីទាំងអស់មានឫស្សី៤មុខ ដែលផ្តល់នូវប្រាក់ចំណូលរបស់ប្រជាសហគមន៍ច្រើនបំផុត ក្នុងចំណោមឫស្សីជិត២០ប្រភេទខាងលើ។
ប្រភេទឫស្សីដូចជា ឫស្សីឃ្លៃ ឫស្សីព្រិច ឫស្សីព្រៃ និងឫស្សីទ្រនំ ត្រូវបានក្រុមហ៊ុនមួយដែលមានមូលដ្ឋានក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ កែច្នៃធ្វើជាគ្រឿងសង្ហារឹមសម្រាប់នាំចេញ និងកែច្នៃកំទេចឫស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារិម ធ្វើជាធ្យូងកសិកម្មថែមទៀតផង។
លោក ក្រួច វិចិត្រ តំណាងជាន់ខ្ពស់ក្រុមហ៊ុន Leopa Bamboo ដែលកែច្នៃឫស្សី បានឲ្យដឹងថា ឫស្សីដែលបានកែច្នៃមានចំនួន២០ភាគរយ សម្រាប់ធ្វើជាគ្រឿងសង្ហារិម ក្រៅពីនេះបានកែច្នៃធ្វើជាធ្យូង។ សម្រាប់ធ្យូងឫស្សីនេះ គេអាចប្រើវាក្នុងដំណាំកសិកម្ម ខណៈវាផ្តល់សារៈសំខាន់មួយទៀតក្នុងតួនាទីកាបូន ដែលស្រូបទាញឧស្ម័នពុលផ្សេងៗពីបរិយាកាស។
គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានទាញដៃគូមកវិនិយោគនៅសហគមន៍ដោយផ្ទាល់។ ការវិនិយោគនៅកន្លែងនេះ បានធ្វើឱ្យតម្លៃទីផ្សារឫស្សីមាននិរន្តរភាព។ ការប្រមូលដោយច្ចេកទេស បានជួយឱ្យឫស្សីមាននិរន្តរភាព។
លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធានគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិបច្ចុប្បន្នមានចំនួន១៩៤សហគមន៍ ក្នុងនេះមាន៥៣សហគមន៍ដែលមានដំណើរការផ្តល់សេវាទេសចរណ៍ធម្មជាតិ ហើយក្នុងចំណោមសហគមន៍ទាំង៥៣នេះដែរ គឺមានចំនួន១៥សហគមន៍ ដែលទទួលបានការគាំទ្រទាំង ទេសចរណ៍ ការដាំស្តារព្រៃឈើ ការរកអនុផលព្រៃឈើ ការកែច្នៃឫស្សីក្រវាញ។ គម្រោងនេះគឺឆ្លើយតបនឹងយុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន ២០២៣-២០២៨៕