វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៤ ០៦ ២០២៥)
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា មគ្គុទ្ទេសក៍ទាំងអស់ បានខិតខំប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជា ទៅកាន់ពិភពលោក និងនាំពិភពលោក មកកាន់កម្ពុជាវិញ ។
ការថ្លែងរបស់ឯកឧត្តម រដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាប សម្រាប់ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Regency Angkor ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៥ថ្ងៃ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពចំណេះដឹង និងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ របស់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ន។
ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ មគ្គុទ្ទេសក៍ទេសចរណ៍ និងជាសិក្ខាកាម ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ នៅទូទាំងប្រទេស ដែលបានបំពេញការងារក្នុងវិស័យទេសចរណ៍ និងបានដើរតួនាទី ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាដ៏សកម្ម ព្រមទាំងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីកម្ពុជា សំដៅលើកកម្ពស់កិត្តិនាមកម្ពុជា នៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព និងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ជាប់ជាប្រចាំ។ បន្ថែមលើនេះ សូមមគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់ មានឆន្ទៈរួបរួមសាមគ្គីគ្នាតែមួយ ឈរលើស្មារតីមហាគ្រួសារវិស័យទេសចរណ៍ ត្រូវតម្កល់ឧត្ដមប្រយោជន៍ជាតិ និងកិត្តិយសជាតិជាធំ ដោយត្រូវប្រតិបត្តិវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការចូលរួមផ្សព្វផ្សាយឱ្យបានស្រុះគ្នា និងទូលំទូលាយនូវយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង តាមរយៈការផលិតមាតិកា និង ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ៕