វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ ៦ ២៥
អន្តរជាតិ៖ ប្រទេសម៉ាឡេស៊ី និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ដោយបើកទំព័រថ្មីសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីជាមួយប្រទេសស្វីស ន័រវេស អ៉ីស្លង់ និងលីចតេនស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បាននិយាយថា ក្នុងនាមជាប្រទេសពាណិជ្ជកម្ម វាមានសារៈសំខាន់ណាស់សម្រាប់ម៉ាឡេស៊ីក្នុងការរក្សាជំហរអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ ជាពិសេសចំពោះមុខភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ដែលធ្វើឲ្យមានភាពស្មុគស្មាញដល់ទិដ្ឋភាពពាណិជ្ជកម្មពិភពលោក។ លោកបានបន្តថា អព្យាក្រឹតភាពរបស់ម៉ាឡេស៊ីក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចម៉ាឡេស៊ី-EFTA ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) លើកទី២៨ របស់ខ្លួនរហូតមកដល់ពេលនេះ ហើយជាផ្នែកមួយនៃការព្យាយាមធ្វើឱ្យប្រសើរឡើងរបស់ប្រទេសដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ខ្លួនក្នុងពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។ កិច្ចព្រមព្រៀងនេះក៏មានរបៀបវារៈដែលបង្កើតឡើងយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការ និងកម្មវិធីពង្រឹងសមត្ថភាព ដើម្បីពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍសមត្ថភាពតាមវិស័យដូចជា វិស្វកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការចល័តនិងការដឹកជញ្ជូនពណ៌បៃតង; ឌីជីថល និងស្វ័យប្រវត្តិកម្ម; ឧបករណ៍វេជ្ជសាស្រ្តនិងឱសថ; ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការបណ្តុះបណ្តាល កម្មសិក្សា និងកម្មវិធីផ្លាស់ប្តូរអ្នកជំនាញ៕