វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៦ ២០២៥
ឯកឧត្តម ហែម វណ្ណឌី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះសួរសុខទុក្ខកងទ័ពជួរមុខ ដែលឈរជើងការពារព្រំដែនក្នុងខេត្ត ព្រះវិហារ។ គណៈប្រតិភូបាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងបានឧបត្ថម្ភថវិកា ចំនួន ៥០លានរៀល ជូនដល់កងទ័ពនៅទីបញ្ជាការដ្ឋានអង្គរក្សទិសព្រះវិហារ។
អំណោយដ៏ថ្លៃថ្លានេះរួមមានការបរិច្ចាគរបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់ក្រសួង, ព្រមទាំងការរួមចំណែកពីវិស័យឯកជន។ កាលពីថ្ងៃទី៩ ខែមិថុនា ក្រសួងក៏បាននាំយក អំពូលសូឡាចល័តចំនួន ១.០០០គ្រឿង ប្រគល់ជូនកងទ័ពដែលឈរជើងការពារតំបន់ប្រាសាទព្រះវិហារ និងតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យផងដែរ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ “យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនកម្ពុជាសូមគោរពកោតសរសើរ និងដឹងគុណចំពោះវីរភាព និងការលះបង់ របស់កងទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ យើងខ្ញុំឈរនៅជាមួយបងប្អូនជានិច្ច នៅក្នុងបុព្វហេតុជាតិដ៏ឧត្តុងឧត្តមនេះ។”
ឯកឧត្តមបានបន្ថែមថា៖ “ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះមិនត្រឹមតែដើម្បីនាំយកនូវជំនួយឧបត្ថម្ភមកជូនកងទ័ពជួរមុខ ប៉ុណ្ណោះទេ តែជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល។”
ឯកឧតុ្តមមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ទិសព្រះវិហារ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរ ចុះសួរសុខទុក និងការឧត្ថម្ភគាំទ្រទាំងនេះ ដោយលើកឡើងថា នេះជាការផ្តល់កម្លាំងចិត្តក្នុងពេលវេលា ដ៏សំខាន់ ខណៈដែលកងទ័ពជួរមុខកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ក្រោមស្ថានភាពតានតឹងនៅតាម បន្ទាត់ព្រំដែន៕